កសិករក្នុងខេត្តស្ទឹងត្រែង នាំគ្នាងាកមកដាំដំណាំមួយប្រភេទនេះដែលចំណាយរយៈពេលខ្លីទទួលបានទិន្នផលល្អ និងកំពុងមានតម្រូវការក្នុងទីផ្សារ
អាជីវកម្ម November 10, 2020 Chan Sreyny

កសិករនៅឃុំស្រែ​គរ ស្រុកសេសាន ខេត្តស្ទឹងត្រែង​ បាននាំគ្នាដាំដុះដំណាំល្ងរយៈពេលខ្លីទទួលបានទិន្នផលល្អ ហើយមានតម្រូវការទីផ្សារទៀតដោយមានការបញ្ជាទិញពីអតិថិជនច្រើនជាងឆ្នាំ ២០១៨ និង ២០១៩។ ក្នុងសកម្មភាពប្រមូលផលល្ងនៅឃុំស្រែគរ លោក ញាំង អុន កសិករនៅភូមិ-ឃុំស្រែគរ បានបញ្ជាក់ថា ឆ្នាំនេះកសិករបានផុលផុសនាំគ្នាដំាដំណាំល្ងរយៈពេលខ្លី ព្រោះវាឆាប់បានទទួលផលហើយមានការបញ្ជាទិញពីឈ្មួញ ស្រួលលក់នៅក្នុងភូមិដោយមិនបាច់ចេញទៅទីផ្សារទេ។

លោកបន្តថា ឆ្នាំនេះកសិករអាចរកប្រាក់ចំណូលពីដំណាំល្ងនេះបានមួយចំណែកធំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ បន្ទាប់ពីកាលពីដើមឆ្នាំរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ផលកសិកម្មមួយចំនួនពិបាកក្នុងការលក់ចេញដូចជា៖ ស្វាយចន្ទី ដំឡូងមីជាដើមត្រូវឈ្មួញទំលាក់ថ្លៃធ្វើឱ្យកសិករបាក់ទឹកចិត្តព្រោះចំណាយដើមទុនច្រើនលក់បានប្រាក់តិច ដូចជាគ្រាប់ស្វាយចន្ទីមួយគីឡូក្រាមមានតម្លៃតែ ២,៥០០ ទៅ ៣,០០០រៀលតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ចុងឆ្នាំនេះ កសិផលទំាងនេះមានទីផ្សារល្អជាងពេលកន្លងទៅ។

លោកស្រី សាលី ខន កសិករនៅភូមិស្រែគរ បានអះអាងថា ឆ្នាំនេះកសិករយើងបាននាំគ្នាដំាដោយអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញកសិកម្ម ក្នុងការផ្លាស់ប្តូរផ្ទៃដីពីការដាំដំឡូងមីមកដាំដំណាំល្ងវិញទទួលបានផលល្អ ស្របពេលដែលអាកាសធាតុមានអំណោយផលទៅលើផ្នែកកសិកម្មនៅឆ្នាំនេះ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានលើកទឹកចិត្តកសិករឱ្យថែរក្សាពូជល្ង.ស.រយៈពេលខ្លីនេះទុក លក់ចែកចាយដល់បងប្អូនក្នុងភូមិឃុំយើងឱ្យបានគ្រប់ៗគ្នា ដើម្បីធ្វើចលនាដាំដុះដំណាំប្រភេទនេះ សម្រាប់នាំចេញទៅកាន់ទីផ្សារឱ្យបានច្រើនជារៀងរាល់ឆ្នាំ។ លោកបន្តថា នៅពេលផលិផលនេះមានភាពរីកចម្រើន យើងនឹងកំណត់យកផលល្ងនេះធ្វើជាភូមិមួយផលិតផលមួយ ដើម្បីធ្វើការប្រកួតប្រជែងជាមួយភូមិ​ឃុំ​ផ្សេងៗទៀត ដែលមានប្រភេទដំណាំផ្សេងពីគ្នា។

សូមបញ្ជាក់ថា កសិករនៅឃុំស្រែគរ ទទួលបានដីស្រែចម្ការក្នុងមួយគ្រួសារចំនួន ៥ហិកតា ខ្លះបានដាំស្វាយចន្ទី ដំឡូងមី ពោត និងស្រូវ។ ចំពោះដំណាំល្ងវិញ មានការផុលផុសដាំច្រើនជាងគេនៅឆ្នាំ ២០២០នេះ ព្រោះតម្លៃនៅទីផ្សារលក់បានក្នុងមួយគីឡូក្រាម ១០,០០០រៀល៕

ប្រភព៖ ក្រសួងព័ត៌មាន