ដំណាំមួយប្រភេទនេះងាយស្រួលក្នុងការដាំ និងថែទាំហើយកំពុងមានទីផ្សារល្អដោយក្នុងមួយគីឡូតម្លៃចាប់ពី ៨,០០០រៀល ទៅ ១០,០០០រៀល
អាជីវកម្ម November 7, 2020 Chan Sreyny

របរដាំខ្ទឹមសន្លឹករបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង កំពុងមានទីផ្សារល្អដោយអាចរកចំណូលបន្ថែម ពីការធ្វើស្រែចម្ការដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លោកស្រី ឈិន កញ្ញា មន្រ្តីសម្របសម្រួលការដាំខ្ទឹមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ប្រជាកសិករនៅក្នុងភូមិត្រពាំងក្រពើ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំងបានប្រកបរបរដាំខ្ទឹមសន្លឹកបន្ថែមក្រៅពីការធ្វើស្រែចម្ការ ដោយសារតែពេលនេះខ្ទឹមសន្លឹកកំពុងតែមានទីផ្សារល្អ។

លោកស្រីបានបន្តថា ប្រជាកសិករប្រមាណជាង ៩០% បានប្រកបរបរដាំខ្ទឹមសន្លឹកនេះ ដោយសារតែវាងាយដាំ ងាយថែទាំ ព្រមទាំងលក់បានក្នុងតម្លៃសមរម្យ ដោយក្នុង ១គីឡូក្រាមអាចលក់បានចាប់ពី ៨,០០០រៀល ទៅ ១០,០០០រៀល។ លោកស្រីបានបន្តទៀតថា មន្ទីរក៏បានចុះណែនាំ និងផ្តល់បច្ចេកទេសដល់កសិករក្នុងការដាំដុះខ្ទឹមសន្លឹកនេះ ដោយធ្វើយ៉ាងណាជំរុញឱ្យកសិករអនុវត្តទៅតាមបច្ចេកទេស ដើម្បីឱ្យឆាប់ទទួលបានទិន្នផលខ្ពស់ និងចំណេញពេលវេលា។

លោកស្រីមានប្រសាសន៍ថា « ដំណាំខ្ទឹមនេះ សមាជិករបស់បណ្តុំអាជីវកម្មដាំបន្លែនៅភូមិត្រពាំងក្រពើ ឃុំទឹកហូតនេះ ពីមុនមកខ្ទឹមគាត់គឺមានតម្លៃទាបទេ ដោយសារតែគាត់ដាំជាទម្លាប់។ ប៉ុន្តែបច្ចុប្បន្ន ដោយសារតែគាត់យល់ច្បាស់ពីបច្ចេកទេសក្នុងការដាំដុះ ដោយសារតែមន្ទីរបានចងក្រងពួកគាត់ជាបណ្តុំ ដោយលក់ទៅលើទីផ្សារដោយមានកិច្ចសន្យា។ ដូច្នេះធ្វើឱ្យតម្លៃខ្ទឹមវាមានតម្លៃមួយគឺតម្លៃសមស្រប និងអាចខ្ពស់។

ទន្ទឹមនឹងនោះដែរ គួបផ្សំនឹងកសិករយើងគាត់មានបច្ចេកទេសក្នុងការដាំ ហើយគាត់បានទិន្នផលច្រើនធ្វើឱ្យប្រាក់ចំណូលគាត់មានការកើនឡើង។ លោកស្រីបានបញ្ជាក់ថា ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងនេះ បានប្រែក្លាយដីធ្វើស្រែចម្ការទៅជាចម្ការដាំខ្ទឹមសន្លឹក ដែលក្នុងមួយឆ្នាំប្រជាកសិករអាចដាំបានចំនួន ៤ លើកដោយក្នុងមួយលើកៗអាចទទួលបានប្រាក់ចំណូលពី ១០ ទៅ ១៥លានរៀល ទៅតាមទំហំដី និងស្ថានភាពចម្ការរបស់ប្រជាកសិករ »។

សូមបញ្ជាក់ថា ក្រៅពីមុខរបរដាំដើមខ្ទឹមនេះ ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងក្រពើ នៅបានដាំដុះបន្លែផ្សេងៗទៀតផងដែរទៅតាមចំណង់ចំណូលចិត្តដូចជា៖ ដំណាំស្ពៃគ្រប់ប្រភេទ ជី ម្អម និងដើម ភ្លៅកង្កែបដើម្បីបំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងព័ត៌មាន