ត្រឹមរយៈពេល ៦ ខែក្រុមហ៊ុនអាកាសចរណ៍ SIA Group របស់សិង្ហបុរីខាតបង់ប្រាក់សុទ្ធជិត ៣ ពាន់លានដុល្លារដោយសារចំនួនអ្នកធ្វើដំណើរធ្លាក់ចុះជិត ៩៩%
អាជីវកម្ម November 7, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ SIA Group របស់សិង្ហបុរីបានរាយការណ៍អំពីការខាតបង់សុទ្ធចំនួន ៣.៥ ពាន់លានដុល្លារសិង្ហបុរី (ជិត ៣ ពាន់លានដុល្លារ) នៅឆមាសទី១ ខណៈពេលដែលមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចរាចរណ៍អ្នកដំណើរនៅពេលដែលជំងឺរាតត្បាត Covid-19 កំពុងបន្តរីករាលដាលពាសពេញពិភពលោក។

ចំនួនអ្នកដំណើរបានធ្លាក់ចុះ ៩៨.៩% ដោយសារការរឹតបន្តឹងព្រំដែនពិភពលោក និងការរឹតត្បិតការធ្វើដំណើរ។ ប្រាក់ចំណូលបានធ្លាក់ចុះ ៦.៦៩ ពាន់លានដុល្លារសិង្ហបុរីពីបើធៀបនឹងឆ្នាំមុន មកនៅត្រឹម ១.៦៣ ពាន់លានដុល្លារសិង្ហបុរីនៅឆមាសទី១ នៃឆ្នាំហិរញ្ញវត្ថុដោយធ្លាក់ចុះ ៨០.៤% ។ ប្រាក់ចំណូលរបស់អ្នកដំណើរបានធ្លាក់ចុះយ៉ាងខ្លាំង នៅពេលក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) SilkAir និង Scoot បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរឹតត្បិតលើការធ្វើដំណើរអន្តរជាតិ។

ទន្ទឹមនឹងនេះ SIA Group បាននិយាយថា ការធ្លាក់ចុះប្រាក់ចំណូលក្រុមហ៊ុនត្រូវបានទូទាត់ដោយផ្នែកចំណូលនៃការដឹកទំនិញកាន់តែខ្លាំងដែលកើនឡើងដល់ ២៧៤ លានដុល្លារសិង្ហបុរី ខណៈពេលដែលប្រទេសនានាព្យាយាមស្តារខ្សែសង្វាក់ផ្គត់ផ្គង់សកល។

គួរឱ្យដឹងផងដែរថា ការខាតបង់សុទ្ធរបស់ SIA Group សម្រាប់ឆមាសទី១ នៃឆ្នាំនេះបានបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ដែលបណ្ដាលមកពីការធ្លាក់ចុះនៃដំណើរការប្រតិបត្តិការ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia