ប្រហែលទប់លែងជាប់! ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai Airways ប្រកាសដាក់លក់យន្តហោះ ៣៤ គ្រឿង
អាជីវកម្ម November 7, 2020 Khmernote

យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រោយពីប្រកាសក្ស័យធនកាលពីពាក់កណ្ដាលឆ្នាំ ពេលនេះក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai Airways បានដាក់លក់យន្តហោះដឹកអ្នកដំណើររបស់ខ្លួនចំនួន ៣៤ គ្រឿង។ ក្រុមហ៊ុនសង្ឃឹមថា នឹងអាចលក់ចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ។

ប្រភពដដែលបានឲ្យដឹងថា យន្តហោះដែលក្រុមហ៊ុនបានដាក់លក់នៅលើគេហទំព័ររបស់​ខ្លួនរួមមាន៖ យន្ដហោះប៊ូអ៊ីញ ៧៤៧-៤០០ ចំនួន ១០ គ្រឿងផលិតនៅចន្លោះឆ្នាំ ១៩៩៣-២០០៣, យន្ដហោះប៊ូអ៊ីញ ៧៧៧-២០០ ចំនួន ៦ គ្រឿងត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៩៦-១៩៩៨ និង ប៊ូអ៊ីញ ៧៧៧-៣០០ ចំនួន ៦ គ្រឿងផលិតចាប់ពីឆ្នាំ ១៩៩៨-២០០០ ។

ជាមួយគ្នានេះខ្លះទៀតជាយន្តហោះ Airbus A340-600 ចំនួន ៦ គ្រឿងត្រូវបានផលិតឡើងពីឆ្នាំ ២០០៥-២០០៨, យន្តហោះប្រភេទ A៣៤០-៥០០ ចំនួន ៣ គ្រឿងដែលបានចាកចេញពីខ្សែចង្វាក់ផលិតកម្មក្នុងឆ្នាំ ២០០៥-២០០៧, យន្ដហោះប៊ូអ៊ីង ៧៣៧-៤០០ ចំនួន ២ គ្រឿងផលិតនៅឆ្នាំ ១៩៩២-១៩៩៣ និងមួយប្រភេទទៀតរបស់ Airbus A300-600 ផលិតក្នុងឆ្នាំ ១៩៩៣ ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ខ្លួនរំពឹងថានឹងបញ្ជូនយន្តហោះទៅឱ្យអ្នកទិញនៅត្រីមាសទី២ ឆ្នាំក្រោយ ហើយ ថ្ងៃផុតកំណត់សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទិញយន្តហោះនេះគឺថ្ងៃទី ១៣ ខែវិច្ឆិកា។

ទោះបីជាយ៉ាងណាក៏ដោយ Thai Airways មិនបានផ្តល់ព័ត៌មានលំអិតទេ ប៉ុន្តែការដាក់លក់យន្តហោះនេះត្រូវបានគេជឿថាជាផ្នែកមួយនៃផែនការដើម្បីធ្វើទំនើបកម្ម។ គួរបញ្ជក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍នេះបានខាតបង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនៅទីបំផុតក្រុមហ៊ុនបានស្វែងរកជំនួយ ដោយតុលាការក្ស័យធនបានអនុម័តផែនការស្តារនីតិសម្បទាអាជីវកម្មមួយនៅឆ្នាំនេះបន្ទាប់ពីជំងឺរាតត្បាត Covid-19 បណ្តាលឱ្យបាត់បង់ប្រាក់ចំណូលកាន់តែច្រើនឡើង។ បើយោងតាមតួលេខដែលបានចុះផ្សាយនៅលើគេហទំព័រផ្សារហ៊ុនថៃ ក្រុមហ៊ុនអាកាសចរណ៍នេះកំពុងជំពាក់បំណុល ៣៣២ ពាន់លានបាតនេះ ហើយក៏កំពុងកាត់បន្ថយកម្លាំងពលកម្មចំនួន ៥,០០០ នាក់ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost