BURGER King នៅអង់គ្លេស ជំរុញឲ្យអតិថិជនរបស់ខ្លួនទៅទិញម្ហូបនៅ McDonald’s ដើម្បីជួយដល់បុគ្គលិករាប់ពាន់នាក់ អំឡុងសម័យកូវីដ ដោយមិនគិតពីជាថាគូរប្រកួតប្រជែង ឬ ដើម្បីទទួលបានផលប្រយោជន៍តែឯង
អាជីវកម្ម November 5, 2020 Khmernote

ដូចដែលយើងបានដឹងរួចមកហើយថា វីរុស Covid-19 បានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចដែលក្នុងនោះបណ្ដាលឲ្យអាជីវកម្មតូច ធំ លំដាប់ៗ ខាតបង់ចំណូល និងភាគច្រើនឈានដល់ការបិទអាជីវកម្មទាំងស្រុងតែម្ដង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏នៅមានអាជីវកម្មមួយចំនួននៅតែបន្តប្រតិបត្តិការ ហើយអាជីវកម្មខ្លះក៏ទាញយកប្រយោជន៍បានយ៉ាងច្រើនផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Sun បានឲ្យដឹងថា ខណៈពេលដែលវីរុសបានរាតត្បាតហើយតម្រូវឲ្យរដ្ឋាភិបាលអង់គ្លេសបិទទ្វារប្រទេស ឧស្សាហកម្មភោជនីយដ្ឋានបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ហើយដើម្បីជួយដល់ឧស្សាហកម្មនេះឲ្យនូវតែបន្តដំណើរការ កាលពីពេលថ្មីៗនេះ យីហោអាហាររហ័សដ៏ល្បី BURGER King បានធ្វើរឿងដ៏គួរឲ្យគោរពមួយគឺ ជំរុញឲ្យអតិថិជនរបស់ខ្លួន ទៅបញ្ជាទិញនៅ McDonald’s ដើម្បីជួយឧស្សាហកម្មភោជនីយដ្ឋានដោយមិនគិតថាជាគូរប្រកួតប្រជែង ឬ ដើម្បីទទួលបានផលប្រយោជន៍តែឯង។

នៅក្នុងសារទៅកាន់អ្នកគាំទ្រ យីហោ BURGER King បានជំរុញឱ្យអតិថិជនបញ្ជាទិញពីគូប្រជែងរបស់ខ្លួនដើម្បីគាំទ្រដល់ “បុគ្គលិករាប់ពាន់នាក់” នៅក្នុងខ្សែសង្វាក់ម្ហូបអាហារ។ ក្រុមហ៊ុន BURGER King បាននិយាយថា៖ « ការទទួលបាន Whopper គឺតែងតែល្អបំផុត ប៉ុន្តែការបញ្ជាទិញ Big Mac របស់ McDonald’s ក៏មិនអាក្រក់ដែរ។ យើងមិនដែលគិតថាយើងនឹងស្នើសុំឱ្យអ្នកធ្វើបែបនេះទេ ប៉ុន្តែភោជនីយដ្ឋានដែលមានបុគ្គលិករាប់ពាន់នាក់ពិតជាត្រូវការការគាំទ្រពីអ្នកនៅពេលនេះ។ ដូច្នេះប្រសិនបើអ្នកចង់ជួយ ចូរបន្តការគាំទ្រអាហារដែលមានរស់ជាតិឆ្ងាញ់ៗ តាមរយៈការបញ្ជូនតាមផ្ទះ »។

ក្រៅពីនេះ BURGER King ក៏បានសន្យាគាំទ្រដល់បណ្តាភោជនីយដ្ឋានផ្សេងៗទៀតរួមមាន KFC ,Subway, Domino’s និង Pizza Hut ក៏ដូចជាហាងតូចៗមួយចំនួនផងដែរ។ គួរឲ្យដឹងថា ការស្នើសុំពីក្រុមហ៊ុន BURGER King បានកើតឡើងបន្ទាប់ពីអាជីវកម្មចំណីអាហារល្បីៗ មួយចំនួនបានបញ្ជាក់ពីការលែងត្រូវការតទៅទៀត និងការបិទទ្វារក្នុងអំឡុងពេលនៃការចាក់សោរវីរុស Covid-19៕

អត្ថបទ៖ លីនី
ប្រភព៖ thesun