ប្រជាជនកូរ៉េខាងត្បូងកំពុងប្រឈមនឹងកង្វះអាហារសំណព្វមួយ ដោយសារកត្តាអាកាសធាតុវាយប្រហារចំការខ្ទេចគ្មានសល់ ឯតម្លៃក៏ឡើងថ្លៃទៀត
សេដ្ឋកិច្ច October 23, 2020 Khmernote

ប្រជាជនកូរ៉េខាងត្បូងកំពុងប្រឈមនឹងកង្វះអាហារសំណព្វមួយ បន្ទាប់ពីអាកាសធាតុក្នុងរដូវក្ដៅបាន​កើនឡើងខ្លាំង ដែលបានបំផ្លាញដំណាំស្ពៃបូកគោដែលជាគ្រឿងផ្សំសំខាន់របស់គីមឈី។ យោងតាមសារព័ត៌មាន theguardian បានឲ្យដឹងថា វិបត្តិពេញចំការនៅតំបន់ណាប៉ា ឬ អាចម្យ៉ាងទៀតថា ចំការស្ពៃចិន (ភាសារបស់ប្រជាជនកូរ៉េ)ត្រូវបានបំផ្លាញ នៅខែសីហា និងខែកញ្ញា នៅពេលឧបទ្វីបកូរ៉េ ត្រូវបានវាយប្រហារ ដោយព្យុះទីហ្វុង ទឹកជំនន់ និងការបាក់ដី ដែលបង្កឱ្យមានការកើនឡើងភ្លាមៗ នៃតម្លៃបន្លែ។

ការខូចខាតនេះបានធ្វើឱ្យគ្រួសារជាច្រើនកំពុងព្យាយាមស្វែងរកស្ពៃ ដែលមានតំលៃសមរម្យ ដើម្បីធ្វើជាគីមឈីសម្រាប់ទុកទទួលទានជាប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េ និង បានក្លាយជាអាហារពេញនិយមនៅទូទាំងពិភពលោក បន្ទាប់ពីប៊ឺហ្គឺរ និងភីហ្សា។ ជាមួយគ្នានេះដែរ កង្វះខាតបានធ្វើឲ្យតម្លៃស្ពៃកើនឡើងរហូតដល់ ៦០% មុនពេលចូលដល់រដូវគីមឈីតាមប្រពៃណីជារៀងរាល់ឆ្នាំ ដើម្បីស្តុកទុកទទួលទាន។

សកម្មភាពរួមនៃការធ្វើគីមឈីដែលត្រូវបានគេស្គាល់ថា «គីមចាង » ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់យូណេស្កូក្នុងឆ្នាំ ២០១៣ ដោយអង្គការសហប្រជាជាតិបាននិយាយថា ទំនៀមទម្លាប់នេះ បង្កើតជាផ្នែកមួយដ៏សំខាន់នៃអាហារកូរ៉េ ការផ្លាស់ប្តូរថ្នាក់ និងភាពខុសគ្នានៅក្នុងតំបន់។ ការរួបរួមគ្នាធ្វើ «គីមចាង» បានបញ្ជាក់ពីអត្តសញ្ញាណរបស់ជនជាតិកូរ៉េ និងជាឱកាសដ៏ល្អសម្រាប់បង្កើតភាពស្និទស្នាល និងទំនាក់ទំនងក្នុងគ្រួសារ។

ប៉ុន្តែនៅឆ្នាំនេះរដូវស្លឹកឈើជ្រុះបានចាប់ផ្តើមយឺតខុសពីរាល់ឆ្នាំ បន្ទាប់ពីដំណាំត្រូវបានបំផ្លាញដោយរដូវវស្សាដ៏វែងខុសពីធម្មតា និងព្យុះទីហ្វុងចំនួន ៣ ដ៏ខ្លាំងនៅចុងរដូវក្តៅនេះ។ យ៉ាងណាមិញ កង្វះខាតស្ពៃ ក៏កំពុងជះឥទ្ធិពលដល់អ្នកផលិតគីមឈី ជាលក្ខណៈពាណិជ្ជកម្មផងដែរ។ ខណៈអ្នកផ្សេងទៀតនិយាយថា ខ្លួនកំពុងស្វែងរកការផ្គត់ផ្គង់ជំនួស ដែលអាចមកពីប្រទេសចិនដែលជាអ្នកនាំចេញស្ពៃដ៏ធំដើម្បីបំពេញតំរូវការខ្ពស់ នៅពេលដែលមនុស្សជាច្រើន ត្រូវស្នាក់នៅផ្ទះ ក្នុងកំឡុងពេល មានជំងឺរាតត្បាត។

លោក Kim Dajung អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ « ស្ពៃបូកគោ គឺងាយរងនឹងការប្រែប្រួលអាកាសធាតុ ហើយអាកាសធាតុអាក្រក់ណាមួយនឹងប៉ះពាល់ដល់ទិន្នផលរបស់វា។ខណៈតម្លៃកំពុងចាប់ផ្តើមមានភាពមិនច្បាស់លាស់ ហើយមិនដឹងថាតម្លៃនឹងនៅតែបន្តឡើងចុះបែបនេះ រហូតដល់រដូវធ្វើគីមឈីចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកានោះទេ »។

គួរបញ្ជាក់ផងដែរថា គីមឈី គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃរបបអាហាររបស់កូរ៉េ ដោយប្រជាជនកូរ៉េខាងត្បូងបរិភោគច្រើនជាង ២ លានតោន ជារៀងរាល់ឆ្នាំ។ យោងទៅតាមរដ្ឋបាលបេតិកភ័ណ្ឌវប្បធម៌របស់កូរ៉េខាងត្បូង ប្រជាជនកូរ៉េប្រហែលជា ៩៥% បានបរិភោគគីមឈី ច្រើនជាងមួយដងក្នុងមួយថ្ងៃ ដោយទុកវានៅក្នុងទូរទឹកកកដាច់ដោយឡែក ដើម្បីការពារក្លិនពីរបស់របរផ្សេងៗដូចជាទឹកដោះគោ ហើយច្រើនជាង ៦០% ទទួលទានគីមឈីសម្រាប់អាហារពេលព្រឹកអាហារ ថ្ងៃត្រង់ និងពេលល្ងាច៕

អត្ថបទ៖ លីនី
ប្រភព៖ theguardian