សណ្ឋាគារនៅថៃ ប្រើក្បាច់បញ្ចុះតម្លៃ ១,០០០ បាតលើបន្ទប់ស្នាក់នៅ ដើម្បីទាក់ទាញភ្ញៀវបរទេសនៅចុងឆ្នាំនេះ
អាជីវកម្ម October 21, 2020 Chan Sreyny

ដើម្បីជម្រុញវិស័យទេសចរណ៍ក្នុងស្រុក និងជួយស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរាតត្បាតសណ្ឋាគារនៅក្នុងប្រទេសថៃគ្រោងនឹងបញ្ចុះតម្លៃទៅលើបន្ទប់ចំនួន ១,០០០ បាត (ជាង ៣០ ដុល្លារ) សម្រាប់ជនបរទេសរហូតដល់ចុងឆ្នាំនេះ។ ការបញ្ចុះតម្លៃនេះ គឺជាការជម្រុញថ្មីមួយ ខណៈវិធានការផ្អាកសងបំណុលដែលបានបង្កើតឡើង ដើម្បីជួយដល់ដល់អាជីវកម្មដែលរងគ្រោះដោយជំងឺរាតត្បាតនឹងត្រូវបានបញ្ចប់នៅខែនេះ។

សមាគមសណ្ឋាគារថៃ ឬ ហៅកាត់ថា (THA) និយាយថា ពួកគេនឹងផ្តល់ការបញ្ចុះតម្លៃដល់ទៅ ៥០០០ បន្ទប់ ហើយជនបរទេសនឹងទទួលបានការបញ្ចុះតម្លៃនេះនៅពេលបង្ហាញលិខិតឆ្លងដែនរបស់ពួកគេ។ ការបញ្ចុះតម្លៃនេះមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ។ ប្រធានសមាគម (THA) លោកស្រី Marisa Sukosol Nunbhakdi មានប្រសាសន៍ថា យុទ្ធនាការថ្មីគាំទ្រឧស្សាហកម្មសណ្ឋាគារក្នុងអំឡុងពេលមានស្ថានភាពសេដ្ឋកិច្ចតានតឹង ជាមួយនឹងការហាមឃាត់ភ្ញៀវទេសចរណ៍អន្តរជាតិក្នុងរយៈពេល ៧ ខែកន្លងមកនេះ ដោយបន្ទប់សណ្ឋាគារជាច្រើននៅទំនេរ។

យ៉ាងណាមិញទោះបីជាប្រទេសថៃកំពុងបើកព្រំដែនសម្រាប់ភ្ញៀវទេសចរបរទេសលើទិដ្ឋាការពិសេសថ្មីក៏ដោយ ក៏ចំនួនភ្ញៀវទេសចរអន្តរជាតិដែលរំពឹងថានឹងចូលមកក្នុងប្រទេសនៅខែក្រោយនេះ គឺមានចំនួនតិចតួចនៃចំនួនភ្ញៀវទេសចរដែលបានមកដល់កាលពីឆ្នាំមុន។ ដូច្នេះដើម្បីទាក់ទាញភ្ញៀវបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ សណ្ឋាគារថៃបានសហការជាមួយអាជ្ញាធរទេសចរណ៍ថៃសម្រាប់កម្មវិធីប្រាក់រង្វាន់ ការធ្វើដំណើរទេសចរណ៍ដោយផ្តល់ជូនការធ្វើដំណើរការស្នាក់នៅ និងកិច្ចព្រមព្រៀងផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍នានានៅទីក្រុងបាងកក។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការផ្ទុះឡើងនៃវីរុស Covid-19 មក អត្រានៃការស្នាក់នៅបានធ្លាក់ចុះយ៉ាងខ្លាំង ហើយសណ្ឋាគារជាច្រើនបានបិទជាបណ្តោះអាសន្ន។ លោកស្រី Marisa ក៏បាននិយាយផងដែរថា វានៅតែចាំបាច់ដើម្បីបន្តយុទ្ធនាការជំរុញបន្ថែម ហើយសមាគមកំពុងទទូចដល់សណ្ឋាគារកុំឲ្យដំឡើងថ្លៃបន្ទប់ ឬ ដកការបញ្ចុះតម្លៃសម្រាប់ជនបរទេស៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger