ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways របស់ហុងកុងនឹងកាត់បន្ថយការងារជិត ៦,០០០ កន្លែងដើម្បីកាត់បន្ថយការចំណាយ
អាជីវកម្ម October 21, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways របស់ហុងកុងបានប្រកាសថា ខ្លួននឹងកាត់បន្ថយការងារចំនួន ៥,៩០០ និងបិទ Cathay Dragon ក្នុងតំបន់របស់ខ្លួន ដោយចូលរួមក្នុងការកាត់បន្ថយថ្លៃដើម ខណៈពេលដែលកំពុងប្រឈមនឹងការធ្លាក់ចុះដោយសារជំងឺរាតត្បាត Covid-19 ។

Cathay Pacific Airways ក៏នឹងស្វែងរកការផ្លាស់ប្តូរលក្ខខណ្ឌក្នុងកិច្ចសន្យារបស់ខ្លួន ជាមួយនាវិក និងអាកាសយានិកដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធ ដែលនឹងត្រូវចំណាយថវិកា ២.២ ពាន់លានដុល្លារហុងកុង (២៨៣.៩ លានដុល្លារ)។

នាយកប្រតិបត្តិ Cathay លោក Augustus Tang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ជំងឺរាតត្បាតនេះ នៅតែបន្តជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុនអាកាសចរណ៍ ហើយការពិតគឺយើងត្រូវតែរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញដើម្បីបន្តអាជីវកម្មមួយនេះ »។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និង Qantas Airways របស់អូស្រ្តាលី បានប្រកាសរួចហើយនូវការកាត់បន្ថយប្រាក់ឈ្នួលដ៏ច្រើនស្រដៀងគ្នានេះដែរ ខណៈពេលដែលសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិព្យាករណ៍ថា ចរាចរណ៍អ្នកដំណើរនឹងមិនងើបឡើងវិញទេរហូតដល់ឆ្នាំ ២០២៤ ។

Cathay Pacific Airways បាននិយាយថា ខ្លួនបានខាតបង់ចំនួន ១.៥ ពាន់លានដុល្លារហុងកុងទៅ ២ ពាន់លានដុល្លារហុងកុងក្នុងមួយខែ ហើយការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងធ្វើឱ្យខាតបង់ ៥០០ លានដុល្លារហុងកុងក្នុងមួយខែនៅឆ្នាំ ២០២១ និងការកាត់បន្ថយប្រាក់ខែនឹងបន្តរហូតដល់ឆ្នាំក្រោយ។

គួរឱ្យដឹងផងដែរថា Cathay Dragon ដែលត្រូវបានគេស្គាល់ថា Dragonair បានប្រតិបត្តិការភាគច្រើនទៅ និងមកពីចិនដីគោកហើយត្រូវបានរងគ្រោះដោយការធ្លាក់ចុះនៃតម្រូវការមុនពេលមានជំងឺរាតត្បាត ដោយសារតែការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងទីក្រុងហុងកុង ដែលបានរារាំងដល់អ្នកធ្វើដំណើរដីគោក។ នៅក្នុងខែកញ្ញាចំនួនអ្នកដំណើររបស់ក្រុមហ៊ុន Cathay បានធ្លាក់ចុះ ៩៨.១% បើធៀបទៅនឹងឆ្នាំមុន ទោះបីជាការដឹកទំនិញបានធ្លាក់ចុះ ៣៦.៦% ក៏ដោយ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia