គួរឱ្យសរសើរមែន‌‌! កសិករម្នាក់នៅខេត្តសៀមរាប ប្រែក្លាយពីជាងសំណង់មកដាំបន្លែសុវត្ថិភាពទទួលបានជោគជ័យ និងរកចំណូលបានខ្ពស់
អាជីវកម្ម October 20, 2020 Chan Sreyny

កសិករនៅឃុំលាងដៃ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានប្រែក្លាយពីជាងសំណង់មកដាំបន្លែសុវត្ថិភាពទទួលបានជោគជ័យ និងរកចំណូលបានខ្ពស់ធ្វើឱ្យជីវភាពក្នុងក្រុមគ្រួសារបានល្អប្រសើរ។

លោក ដែន ហៀរ អាយុ ៣៨ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប ដំបូងឡើយមានមុខរបរជាជាងសំណង់រយៈ ១៥ ឆ្នាំមកហើយ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះលោកបានងាកមកដាំបន្លែសុវត្ថិភាពវិញដោយទទួលបានជោគជ័យ និងអាចរកចំណូលបានខ្ពស់។

លោក ដែន ហៀរ បានឱ្យដឹងថា លោកបានចាប់ផ្តើមមុខរបរដាំបន្លែសុវត្ថិភាពរយៈពេល ៥ឆ្នាំមកហើយ បច្ចុប្បន្នលោកដាំបន្លែគ្រប់ប្រភេទទៅតាមការកម្មង់ទិញរបស់អតិថិជន ដោយក្នុង ១ថ្ងៃក្រុមរបស់លោកអាចលក់បន្លែចេញបានប្រមាណ ១០តោន ប៉ុន្តែក្រោយពេលវិបត្តិនៃជំងឺកូវីដ-១៩ បានថយនៅត្រឹម ២តោនក្នុង ១ថ្ងៃ។

លោកបន្តថា ដំណាំបន្លែទាំងនោះមាន ត្រសក់ស្រូវ ត្រសក់ទ្រើង ម្រះ ននោង ត្រឡាច ល្ពៅ ម្ទេស ត្រប់គ្រប់ប្រភេទ។ លោកដាំតាមទីផ្សារតម្រូវ បើសិនទីផ្សារបញ្ជាទិញច្រើនលោកដាំដល់ ១០ហិកតា។ តម្លៃលក់ចេញបានជាង ១ពាន់រៀល ។ ការដាំនេះមានការជួយគាំទ្រពី អង្គការ ហាវេស ចុះមកជួយកសិករដែលមានប័ណ្ណក្រីក្រ ចំពោះលោកអត់មានប័ណ្ណក្រីក្រទេ ក៏ធ្វើតាមគេឃើញគេធ្វើអី្វធ្វើហ្នឹងគេ ដោយមិនដឹងថា បន្លែសុវត្ថិភាពយ៉ាងម៉េច បន្លែគីមីយ៉ាងម៉េចផង តែយើងសម្រេចចិត្តយកបន្លែសុវត្ថិភាព ដែលវាងាយស្រួលធ្វើជាងបន្លែផ្សេងៗ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានបង្កើតព្រឹត្តិការណ៍ផ្សារណាត់បន្លែសុវត្ថិភាពរៀងរាល់ចុងសប្តាហ៍នៅមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្កើតឱកាសទីផ្សារដល់អ្នកដាំដុះបន្លែសុវត្ថិភាពបានបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារកាន់តែប្រសើរ៕

ប្រភព៖ ក្រសួងព័ត៌មាន