ការបង្កាត់ពូជបែបសិប្បនិម្មិតទៅលើមាន់ស្រែ ចំណេញទាំងពេលវេលា និងទទួលបានទិន្នផលច្រើន
អាជីវកម្ម October 20, 2020 Chan Sreyny

ការបង្កាត់ពូជបែបសិប្បនិម្មិតទៅលើមាន់ស្រែជាបច្ចេកថ្មីមួយ ដែលអាចឱ្យប្រជាកសិករចំណេញពេលវេលា និងទទួលបានបរិមាណទិន្នផលច្រើនជាងការបង្កាត់ពូជតាមលក្ខណៈធម្មជាតិ។

លោក រស់ ឆាំងគី ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែខេត្តពោធិសាត់បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា
ពីមុនយើងបង្កាត់ពូជមាន់ដោយឱ្យមាន់ឈ្មោលជាន់លើមេមាន់ ប៉ុន្តែឥឡូវនេះគឺមានបច្ចេកទេសថ្មី ដោយយកស្ពែមរបស់មាន់ឈ្មោលមកចាក់បញ្ជូលក្នុងមេមាន់ជំនួសវិញ ធ្វើឱ្យមេមាន់ពងជារៀងរាល់ថ្ងៃ ដើម្បីយកទៅភ្ញាស់។ ចំពោះមាន់ដែលអាចបង្កាត់ពូជបែបសិប្បនិម្មិតនេះបាន គឺមេមាន់ត្រូវមានអាយុចាប់ពី ៦ ខែឡើងទៅហើយមាន់ឈ្មោលត្រូវមានអាយុចាប់ពី ៨ ខែ និងមានទំងន់ប្រហែល​២.៥គីឡូក្រាម។

ការបង្កាត់វាអាស្រ័យទៅលើអ្នកបង្កាត់ អ្នកខ្លះអាចបង្កាត់រាល់ថ្ងៃ អ្នកខ្លះទៀតពីរថ្ងៃម្ដង តែយ៉ាងហោចណាស់ពីរថ្ងៃម្ដងដើម្បីបង្កាត់ទៅលើមេទាំងអស់ហ្នឹង ហើយជារួមយើងបង្កាត់រាល់ពីរថ្ងៃម្ដងវាជាអ្វីដែលយើងកំពុងតែធ្វើ ហើយយើងបង្កាត់នៅពេលព្រឹក នៅពេលល្ងាច ឬក៏ពេលយប់ ការបង្កាត់នៅពេលដែលមានអាកាសធាតុត្រជាក់បែបហ្នឹង គឺដើម្បីធានាបាននូវការបង្កកំណើតកម្រិតខ្ពស់ ហើយវាធ្វើឱ្យអត្រាមានមេជីវិតហ្នឹងគឺខ្ពស់ដែរ។

លោកបានបន្តថា ចំពោះកូនមាន់ស្រែដែលមានអាយុ ២ ទៅ ៣ ថ្ងៃអាចលក់បានក្នុងតម្លៃ ៣៥០០រៀលក្នុងមួយក្បាល អាយុ ៧ ថ្ងៃបានតម្លៃ ៤០០០រៀល អាយុ ១៥ ថ្ងៃតម្លៃ ៥០០០រៀល និងអាយុ ២១ ថ្ងៃបានតម្លៃ ៦០០០រៀលក្នុងមួយក្បាល។ សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមមាន់ស្រែរបស់លោក រស់ ឆាំង គីស្ថិតនៅក្នុង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ដោយកសិដ្ឋានរបស់លោកមានមាន់ស្រែសរុបចំនួន ៥០០ក្បាល ហើយក្នុងមួយថ្ងៃៗអាចហុចផលបានចំនួនពី ១៥០ ទៅ ២០០ពង៕​

ប្រភព៖ ក្រសួងព័ត៌មាន