មេធំ Rolls-Royce បិទក្រុមហ៊ុនចែកចាយរបស់ខ្លួននៅវៀតណាម ក្រោយបើកបាន ៦ឆ្នាំ
អាជីវកម្ម October 16, 2020 Chan Sreyny

ក្រុមហ៊ុនរថយន្តប្រណិត Rolls-Royce របស់ចក្រភពអង់គ្លេស បានបិទទ្វារក្រុមហ៊ុនចែកចាយរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ហើយកំពុងស្វែងរកដៃគូថ្មីដើម្បីជំនួសវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន retailnews កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ។

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអង្គារថា មូលហេតុដែលខ្លួនសម្រេចបិទក្រុមហ៊ុនចែកចាយរថយន្តនៅវៀតណាមដែលមានឈ្មោះថា Regal Motor Cars នៅទីក្រុងហាណូយ ព្រោះក្រុមហ៊ុនមិនបានបង្ហាញថា មិនមានប្រសិទ្ធិភាពដូចការរំពឹងទុកនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសេវាកម្ម នឹងនៅតែមិនប៉ះពាល់ដល់អតិថិជនដែលមានស្រាប់ ដោយ Regal បន្តផ្តល់វារហូតដល់ក្រុមហ៊ុនតែងតាំងអ្នកចែកចាយថ្មី។

គួរឲ្យដឹងផងដែរថា ហាងចែកចាយនេះបានបើកនៅឆ្នាំ២០១៤ ជាមួយបន្ទប់តាំងបង្ហាញនៅលើផ្លូវ Thuong Kiet Street និងមជ្ឈមណ្ឌលសេវាកម្មនៅផ្លូវ Nguyen Van Linh។ នៅពេលបើកដំបូងៗ ក្រុមហ៊ុននេះផ្ដោតសំខាន់គឺការផ្តល់សេវាកម្មដល់រថយន្តដែលមានស្រាប់ជាជាងការលក់រថយន្ត។

ហើយបច្ចុប្បន្ននេះមានរថយន្ត Rolls-Royce រាប់រយគ្រឿងនៅក្នុងប្រទេសវៀតណាមរួមទាំងម៉ូឌែលចុងក្រោយគឺ Cullinan ដែលមានតម្លៃជាង ៣២ ពាន់លានដុង (១.៣៨ លានដុល្លារ) សម្រាប់ម៉ូដែលស្តង់ដារ។ Rolls-Royce គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BMW ដែលជាក្រុមហ៊ុនយក្សរបស់អាឡឺម៉ង់ បើទោះបីជាម៉ាកទាំងពីរដំណើរការដោយឯករាជ្យក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ retailnews