របរដាំដំណាំខ្មែរមួយប្រភេទ ទោះបីប្រើពេលដាំយូរបន្តិចតែអាចហុចផលឱ្យជារៀងរាល់ឆ្នាំរហូតជិត ១៥ឆ្នាំ
អាជីវកម្ម October 13, 2020 Chan Sreyny

ដំណាំក្រូចពោធិ៍សាត់ ទោះបីជាប្រើពេលដាំយូរបន្តិចតែអាចហុចផលឱ្យជារៀងរាល់ឆ្នាំរហូតដល់ជិត ១៥ ឆ្នាំឯណោះ។ ប៉ុន្តែវាក៏អាស្រ័យទៅលើបច្ចេកទេសនៃការដាំដុះ និងថែទាំដែរទើបអាចផ្តល់ផលបានល្អ និងជួយបង្កើនប្រាក់ចំណូលបានច្រើនសម្រាប់គ្រួសារ ដែលប្រកបរបរដាំក្រូចពោធិ៍សាត់នេះ។

លោក ឈឿន គឹមហុង ម្ចាស់ចម្ការក្រូចពោធិ៍សាត់ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រូចពោធិ៍សាត់ដាំរយៈពេល ៣ ឆ្នាំទើបចាប់ផ្តើមមានផ្លែ ដែលក្នុងរយៈពេលនោះ ទាមទារឱ្យយើងយល់ច្បាស់អំពីបច្ចេកទេសដាំដុះ និងថែទាំដើម្បីឱ្យដើមក្រូចលូតលាស់ល្អ។ លោកបន្ថែមថា ក្នុងចម្ការរបស់លោកគឺប្រើប្រាស់តែជីធម្មជាតិនោះទេ ដើម្បីទទួលបានទិន្នផលច្រើន ជាពិសេសមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន និងដាំដុះ។

លោកបញ្ជាក់ថា លោកបានដាំក្រូចពោធិ៍សាត់ក្នុងទំហំ​ ៣០ ហិកតាដោយមានក្រូចចំនួន ២ ប្រភេទគឺក្រូចកំពឹសទន់ និងក្រូចកំពឹសរឹងដែលកំពឹសរឹងមានរសជាតិផ្អែមឆ្ងាញ់ជាងកំពឹសទន់ ហើយដំណាំនេះងាយស្រួលដាំដុះ និងងាយស្រួលក្នុងការថែទាំនៅពេលដែលយើងបានយល់ច្បាស់ពីបច្ចេកទេស ដែលក្នុង ១ ឆ្នាំអាចប្រមូលផលបានរហូតដល់ទៅ ២ ដង។

លោកបន្តថា « និយាយរួមទៅទីផ្សារគឺងាយស្រួលលក់ ត្រង់ថាក្រូចយើងឆ្ងាញ់ក្រូចយើងអត់ស្កក ក្រូចយើងល្អ ដល់អ៊ីចឹងវាងាយស្រួលលក់ណាស់គឺអត់ពិបាកទេមានប៉ុន្មានក៏អស់ដែរ មួយថ្ងៃមានដប់ស្លឹកក៏អស់ដែរ។ ហើយក្រូចមានពីរប្រភេទ គឺកំពឹសរឹង និងកំពឹសទន់ហើយកំពឹសទន់នោះគឺពិបាកក្នុងការដឹកជញ្ជូន ហើយវាងាយនឹងជាំបើកំពឹសរឹងវាងាយស្រួលនឹងដឹកជញ្ជូន ហើយវាមិនងាយជាំទេ ហើយកំពឹសរឹងឆ្ងាញ់ជាងកំពឹសទន់ ដោយសារកំពឹសរឹងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ សម្រាប់អ្នកបានញ៉ាំហើយចង់ញ៉ាំទៀត និយាយរួមទៅគឺខាងយើងប្រើតែជីស្មៅដែលដុះមកយើងកាត់ស្មៅ និងប្រមូលដាក់នៅគល់ក្រូចវិញ ហើយនិងដាក់អំបិលតែប៉ុណ្ណោះ »។

សូមបញ្ជាក់ថា លោក គឹមហុង ប្រកបរបរដាំក្រូចពោធិ៍សាត់តាំងពីឆ្នាំ ២០០៩ មកម៉្លេះ ក្នុងទំហំផ្ទៃដីជាង ៣០ ហិកតា ដែលសព្វថ្ងៃនេះមានដើមក្រូចពោធិ៍សាត់ប្រមាណ ៦០០០ ទៅ ៧០០០ដើម តែដើមក្រូចដែលអាចប្រមូលផលបានមានតែ ១៩០ដើមប៉ុណ្ណោះ ហើយដើមផ្សេងៗទៀតមានដើមខ្លះឆ្នាំក្រោយទើបអាចប្រមូលផល ហើយដើមខ្លះទៀតទើបតែដាក់ដាំបន្ថែមទៀត ដោយក្នុងចំណោម ១៩០ដើមនេះ ១រដូវ អាចរកចំណូលបានច្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន