Singapore Airlines ប្រើស្នៀតថ្មី កែខៃយន្តហោះដែលជាប់គាំងដោយសារកូវីដ មកជាភោជនីយដ្ឋានទទួលការកក់ពេញគ្មានសល់ត្រឹមពេល ៣០នាទី
អាជីវកម្ម October 13, 2020 Chan Sreyny

ខណៈពេលដែលវីរុស Covid-19 វាយប្រហារយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកំពុងជួបវិបត្តិហិរញ្ញវត្ថុ និងតស៊ូជំនះក្នុងវិបត្តិនេះ។ ជាក់ស្ដែងក្រុមហ៊ុន Singapore Airlines បានកំពុងព្យាយាមរកវិធីថ្មីៗ ដើម្បីកែខៃជើងហោះហើរស្ទើរទាំងស្រុងរបស់ខ្លួនដែលកំពុងជាប់គាំងដោយសារការរីករាលដាលនៃវីរុស Covid-19 និងដើម្បីរកចំណូលបានខ្លះសម្រាប់បន្តប្រតិបត្តិការ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា Singapore Airlines បានកំពុងផ្លាស់ប្ដូរការប្រើប្រាស់យន្តហោះទំនើប ប្រភេទ A380 ចំនួនពីរចតនៅអាកាសយានដ្ឋាន Changi ធ្វើជាភោជនីយដ្ឋានបណ្ដោះអាសន្ន។ ប្រភពដដែលបានបន្តថា ជាមួយប្រតិបត្តិការថ្មីនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសំបុត្រសម្រាប់កៅអីក្នុងភោជនីយដ្ឋានលើយន្តហោះនេះ ទទួល​ការកក់ទុកក្នុងពេលមិនដល់ ៣០នាទីផង។

ជាមួយគ្នានេះដែរតម្លៃអាហារក្នុងមួយឈុតមានតម្លៃ ៦៤២ ដុល្លារសិង្ហបុរី (ប្រហែល ៤៧២ ដុល្លារ) ខណៈកៅអីសម្រាប់ថ្នាក់ (business class) មានតម្លៃ ៣២១ ដុល្លារ សិង្ហបុរី (ប្រហែល ២៣៦ ដុល្លារ) បន្ទាប់មកកៅអីថ្នាក់ ( premium economy) មានតម្លៃ ៩៦.៣០ ដុល្លារសិង្ហបុរី (ប្រហែល ៧០ ដុល្លារ) និងសម្រាប់ថ្នាក់ (economy) មានតម្លៃ ៥៣.៥០ ដុល្លារសិង្ហបុរី (ប្រហែល ៣៩ ដុល្លារ)។

ក្រុមហ៊ុន Singapore Airlines បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កៅអីប្រហែលពាក់កណ្ដាលនៅក្នុងយន្តហោះនីមួយៗ នឹងត្រូវរៀបចំឡើងតាមគោលការណ៍ទប់ស្កាត់ការឆ្លងរីករាលនៃវីរុស covid-19។ ទន្ទឹមនឹងនេះ ប្រតិបត្តិការភោជនីដ្ឋាននឹងបើកនៅថ្ងៃ ២៤ និង ២៥ ខែតុលា ចាប់ពីម៉ោង ៦ ល្ងាច (ម៉ោងក្នុងស្រុក) ដោយសារតម្រូវការខ្លាំង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Singapore Airlines ទទួលរងនូវការខាតបង់ចំនួន ១.១២ ពាន់លានដុល្លារសិង្ហបុរីនៅត្រីមាសទីមួយ រហូតដល់ខែមិថុនា ហើយបានកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនប្រមាណ ២០% ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost