មិនធម្មតា! ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់វៀតណាម បានចុះកិច្ចសន្យាផលិត និងបញ្ជាទិញពីក្រុមហ៊ុនដ៏ធំមួយនៅអាមេរិក
អាជីវកម្ម October 12, 2020 Chan Sreyny

VinSmart ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីធំជាងគេនៅវៀតណាម Vingroup បានទទួលការចុះកិច្ចសន្យាផលិត​ និងបញ្ជាទិញសម្រាប់ស្មាតហ្វូនចំនួន ២ លានគ្រឿងពីក្រុមហ៊ុនចែកចាយធំរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន vnexpress ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

លោកស្រី Le Thi Thu Thuy អគ្គនាយកក្រុមហ៊ុន VinSmart ដោយមិនបានបង្ហាញអត្តសញ្ញាណក្រុមហ៊ុនអាមេរិកបាននិយាយកាលពីសប្ដាហ៍មុននៅឯសន្និសីទកាសែតថា ការព្រមព្រៀងដំបូងត្រូវបានបញ្ជូនកាលពីមួយខែមុន ដោយនៅលើទូរស័ព្ទគឺមានផ្លាកសញ្ញា (Logo) របស់អ្នកផ្តល់សេវាអាមេរិក។ ជាមួយគ្នានេះលោកស្រីបានមានប្រសាសន៍ថា៖ «​ នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការស្វែងយល់អំពីទីផ្សារសហរដ្ឋអាមេរិកមុនពេលយកទូរស័ព្ទ Vsmart ទៅទីនោះនាពេលអនាគត »។

តាមរយៈលោកស្រី កិច្ចសន្យានេះ គឺសម្រាប់ម៉ូដែលចំនួនបួនដែលប្រើប្រព័ន្ធ 4G ហើយកិច្ចព្រមព្រៀងត្រូវរក្សាការសម្ងាត់ហាមឃាត់ VinSmart មិនឱ្យបង្ហាញឈ្មោះដៃគូរបស់ខ្លួនឡើយ។ គួរបញ្ជាក់ផងដែរថា VinSmart មានរោងចក្រផលិតទូរស័ព្ទចំនួន ១២៥ លានគ្រឿង ឧបករណ៍ IoT និងឧបករណ៍វៃឆ្លាតផ្សេងទៀត ក្នុងមួយឆ្នាំ នៅឧទ្យាន Hoa Lac Hi-Tech ក្នុងទីក្រុងហាណូយ។

បច្ចុប្បន្នយីហោនេះត្រូវបានដាក់លក់នៅក្នុងប្រទេសចំនួន ៣ គឺរុស្ស៊ី មីយ៉ាន់ម៉ា និងអេស្ប៉ាញ ប៉ុន្តែក្រុមហ៊ុនរំពឹងថានឹងលក់ Aris 5G របស់ខ្លួននៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។ VinSmart មានចំណែកទីផ្សារ ១៦.៧% នៅក្នុងត្រីមាសទី១ និងបានវ៉ាដាច់ Apple ក្លាយជាម៉ាកស្មាតហ្វូនធំជាងគេទី៣ នៅវៀតណាម នៅពីក្រោយក្រុមហ៊ុន Samsung និង Oppo ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress