សោកស្ដាយណាស់! ភូមិវប្បធម៌កម្ពុជា ប្រកាសបិទអាជីវកម្មទាំងស្រុងចាប់ពីដើមខែក្រោយនេះតទៅ ដោយសារភ្ញៀវចូលទស្សនា ថយចុះយ៉ាងគំហុកជាច្រើនខែ
អាជីវកម្ម October 12, 2020 Chan Sreyny

ក្រុមហ៊ុន « ភូមិវប្បធម៌កម្ពុជា » កាលពីថ្ងៃទី១១ ខែតុលា បានចេញសេចក្ដីប្រកាសបិទអាជីវកម្មទាំងស្រុងរបស់ខ្លួន​ ចាប់ពីថ្ងទី០៧​ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឺងដល់បុគ្គលិកទាំងអស់​របស់ក្រុមហ៊ុន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនត្រូវបិទទ្វារនេះ គឺដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុនយើងខ្ញុំ និងបិទដំណើរការជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។

ការបិទអាជីវកម្មនេះ នាំឲ្យមានការបញ្ចប់កិច្ចសន្យាជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌នឹងទូទាត់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទបញ្ញត្តិច្បាប់ស្ដីពីការងារ។ សូមជម្រាបផងដែរថា ភូមិវប្បធម៌កម្ពុជា គឺជារម្មណីដ្ឋានដ៏ល្បីល្បាញអស្ចារ្យ និងមានកម្មវិធីកម្សាន្តជាច្រើនរាប់មិនអស់ មួយនៅក្នុងខេត្ត​សៀមរាប ហើយការបិទទ្វារនេះនឹងធ្វើឲ្យប្រជាជនក្នុងប្រទេសមានការសោកស្ដាយផងដែរ។

អត្ថប​ទ ៖ លីនី