មកស្គាល់របរមួយ កំពុងមានភាពលេចធ្លោខ្លាំងនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
អាជីវកម្ម October 9, 2020 Chan Sreyny

មុខរបរចិញ្ចឹមបង្កងអូស្ត្រាលីប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពលេចធ្លោខ្លាំង ខណៈដែលកសិករខ្មែរមួយចំនួនទទួលបានចំណេះដឹងច្បាស់លាស់យកទៅអនុវត្តបន្ត រហូតទទួលបានជោគជ័យ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

លោក ផល រដ្ឋា ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា កសិករមានភាពជោគជ័យច្រើនក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី បន្ទាប់ពីទទួលបានចំណេះដឹងពីប្រទេសជិតខាង និងអ្នកជំនាញក្នុងស្រុក ពិសេសមានតម្រូវការទីផ្សារដែលធ្វើឱ្យអ្នកចិញ្ចឹមទទួលបានផលចំណេញច្រើន ។

លោកបន្តថា ប្រជាកសិករដែលមានបំណងចិញ្ចឹមបង្កងប្រភេទនេះ ត្រូវមានការអត់ធ្មត់ និងតស៊ូព្យាយាមក្នុងការចិញ្ចឹម ដែលជាកត្តាសំខាន់បំផុត ព្រោះបង្កងនេះត្រូវការរយៈពេលយូរបន្តិចដើម្បីស្វែងយល់ពីផលពិបាក និងរបៀបចិញ្ចឹមយ៉ាងណាឱ្យឆាប់ទទួលបានផល ។

លោក​បញ្ជាក់​ថា​៖ « ខ្ញុំចង់ឱ្យពួកគាត់ដឹងមុននឹងចិញ្ចឹមបង្កងអូស្ត្រាលីនេះ ហើយករណីចាំបាច់មានតែ ២ប៉ុណ្ណោះសម្រាប់ពួកគាត់ គឺទីមួយឱ្យពួកគាត់ដឹងពីការលំបាករបស់គាត់ត្រូវជួបបញ្ហាអ្វីខ្លះ កុំទាន់ឱ្យគាត់ដឹងតែពីរឿងជោគជ័យ ដោយសារអ្វីកុំចាំបាច់ចង់ដឹងរឿងហ្នឹង ត្រូវដឹងថាបញ្ហាអ្វីដែលត្រូវកើតឡើងហើយជួបប្រទះ និងទីពីរ គឺកម្លាំងតែម្ដងយើងមានកម្លាំងធ្វើ និងមានទីតាំងធ្វើ »។

លោកបានបន្តទៀតថា បង្កងអូស្ត្រាលីភាគច្រើនដែលបង្កាត់បាន គឺត្រូវបានលក់ទៅឱ្យកសិករចិញ្ចឹមបន្ត ហើយចំពោះកូនបង្កងបង្កាត់ដែលអាចលក់បានគឺ អាយុប្រហែលជា ៣ខែ ដោយក្នុង ១ក្បាលតម្លៃ ១០០០ ទៅ១៥០០រៀល ហើយមកទល់បច្ចុប្បន្នកសិដ្ឋាននេះ ផលិតកូនបានចន្លោះពី ៤ទៅ ៦ម៉ឺនកូនក្នុង ១ខែ លើផ្ទៃដី២ហិកតា ដោយចិញ្ចឹមបានត្រឹមត្រូវតាមបច្ចេកទេស រាប់ទាំងការជ្រើសរើសពូជ ថែទាំ និងការយកចិត្តទុកដាក់លើការចិញ្ចឹម៕

ប្រភព៖ ក្រសួងព័ត៌មាន