Apple ឈប់លក់កាស និងឧបករណ៍បំពងសម្លេងរបស់ដៃគូចំនួន ៣ ក្រោយលឺល្ហៀងៗ ថាត្រៀមដំណើរការផលិតផលថ្មីរបស់ខ្លួន
អាជីវកម្ម October 7, 2020 Chan Sreyny

ក្រុមហ៊ុន Apple Inc បានឈប់លក់កាស និងឧបករណ៍បំពងប្រភេទ wireless ពីក្រុមហ៊ុន Sonos Inc, Bose Corp និង Logitech International SA ខណៈ Apple ត្រៀមបើកដំណើរការផលិតផលអូឌីយ៉ូថ្មីរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋ California បានលក់គ្រឿងបន្លាស់របស់ភាគីទីបីជាយូរមកហើយ នៅលើគេហទំព័ររបស់ខ្លួនដែលជាប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតមួយនៅលើពិភពលោក។

យោងតាមការត្រួតពិនិត្យរបស់ Bloomberg កាសនិងឧបករណ៍បំពងសម្លេងទាំងអស់ពី Bose ឧបករណ៍បំពងសំលេងពី Logitech និងឧបករណ៍បំពងសម្លេងចុងក្រោយបំផុតរបស់ Sonos មិនឃើញមានដាក់លក់នៅលើ Apple’s online store ទៀតេកាលពីចុងខែមុននេះ។ ជាមួយគ្នានេះ និយោជិកនៅទីតាំងលក់រាយរបស់ Apple ក៏ត្រូវបានណែនាំឱ្យដកផលិតផលសម្រាប់លក់នៅតាមហាងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដែរ។

ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលក្រុមហ៊ុន Apple អភិវឌ្ឍផលិតផលថ្មីជាច្រើន ដើម្បីពង្រីកយុទ្ធសាស្ត្រសម្លេងរបស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា កាសស្តាប់ត្រចៀក (over-ear headphones) ដែលមានយីហោ Apple ដំបូងគេអាចត្រូវបានប្រកាសនៅដើមឆ្នាំនេះ។ ក្រុមហ៊ុនក៏បានធ្វើការលើឧបករណ៍បំពងសំឡេងឆ្លាតវៃ HomePod ស៊េរីតូចជាងមុនផងដែរ។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៤ Apple បានឈប់លក់នាឡិកាដៃម៉ាក Fitbit បន្ទាប់ពីប្រកាសបង្ហាញ Apple Watch ។ ក្រុមហ៊ុនបានដកផលិតផលម៉ាក Bowers & Wilkins កាលពីប៉ុន្មានឆ្នាំមុន ហើយបានដកឧបករណ៍ Bang & Olufsen ចេញពីធ្នើរហាងកាលពីដើមឆ្នាំនេះ។ Apple បានផ្តល់ផលិតផលពី Bose និង Logitech អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបានបញ្ឈប់ការលក់គ្រឿងបន្លាស់ Bose ជាបណ្តោះអាសន្នក្នុងឆ្នាំ២០១៤ បន្ទាប់ពីលោក Bose បានប្តឹងក្រុមហ៊ុន Beats ដែលជាកម្មសិទ្ធិរបស់ Apple ពីបទរំលោភប៉ាតង់។

យ៉ាងណាមិញគិតត្រឹមថ្ងៃច័ន្ទនេះ មានតែកាសមួយដែលផ្តល់ដោយក្រុមហ៊ុនអេបផលគឺ AirPods និង AirPods Pro ពីផលិតផលពីក្រុមហ៊ុនបុត្រសម្ព័ន្ធ Beats ប៉ុណ្ណោះដែលដាក់លក់នៅ Apple។ ហើយឧបករណ៍បំពងសម្លេងឆ្លាតវៃតែមួយគត់ដែលមានលក់់នៅលើគេហទំព័ររបស់ Apple គឺឧបករណ៍បំពងសំឡេង HomePod និង Beats Pill +៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost