ផ្សារទំនើបអ៉ីអនម៉លទី៣ លើផ្លូវ៦០ម៉ែត្រ បានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃនេះ ដោយដាក់ឈ្មោះថា (ផ្សារទំនើប អុីអនម៉លមានជ័យ)
អាជីវកម្ម October 7, 2020 Chan Sreyny

នៅព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញបើកសម្ពោធការដ្ឋាន ផ្សារទំនើប អ៉ីអនម៉លគម្រោង ទី៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះថា(ផ្សារទំនើប អ៉ីអនម៉លមានជ័យ) នេះបើយោងតាមការចុះផ្សាយរបស់ទរទស្សន៍ជាតិកម្ពុជាមុននេះបន្តិច។

គម្រោងផ្សារទំនើបអ៉ីអនម៉លទី៣ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ មានទីតាំងស្ថិតនៅក្នុងគម្រោង INC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងផ្សារទំនើបអ៉ីអនម៉លទី៣ ក៏ជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍នៃទីក្រុង រណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង។

ផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងបង្កលក្ខណៈឲ្យមានកំណើនប្រជាជន អគារលំនៅដ្ឋាន និងសាលារៀនអន្តរជាតិជាដើម។ គម្រោងផ្សារទំនើបនេះមានទំហំផ្ទៃដី (១៧៤០០០ ម៉ែត្រការ៉េ )នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍ខាងលើ។ លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះក៏ជា គម្រោងផ្សារទំនើបអ៉ីអនម៉ល ដែលមានទំហំធំជាងគេនៅក្នុងតំបន់អាស៊ានផងដែរ។ ក្រៅពីផ្សារទំនើបអ៉ីអន ដែលមានលក់ទំនិញចម្រុះ និងហាងលក់សំលៀកបំពាក់ ហាងលក់សម្ភារៈប្រើប្រាស់ ភោជនីយដ្ឋាន សេវាកម្ម ផ្សេងៗ ជាច្រើនទៀត៕