Elon Musk បង្ហើបថា ក្រុមហ៊ុន Tesla នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារប្រទេសឥណ្ឌានៅឆ្នាំក្រោយ
អាជីវកម្ម October 3, 2020 Chan Sreyny

ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយនាថ្ងៃសុក្រ ម្សិលមិញនេះថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារប្រទេសឥណ្ឌានៅឆ្នាំ ២០២១។ នៅក្នុងឱកាសជាច្រើនកន្លងមក ប្រធានក្រុមហ៊ុនរូបនេះ បានបង្ហើបថា លោកចង់នាំក្រុមហ៊ុន Tesla ទៅកាន់ប្រទេសឥណ្ឌា ប៉ុន្តែនៅក្នុង Twitter ឆ្នាំ២០១៨ លោកបានលើកឡើងពីបទបញ្ញត្តិមួយចំនួនរបស់រដ្ឋាភិបាលដែលមានបញ្ហាប្រឈមដល់ក្រុមហ៊ុន។

ទោះបីជាយ៉ាងនេះក្ដី Musk បានបង្ហាញផែនការរបស់គាត់ ដើម្បីបើកក្រុមហ៊ុនរបស់គាត់ ខណៈដែលឆ្លើយតបទៅនឹងការបង្ហោះលើបណ្តាញសង្គម Twitter ដែលបានសួរអំពីវឌ្ឍនភាពនៃការចូលរបស់ក្រុមហ៊ុន Tesla ទៅក្នុងប្រទេសឥណ្ឌា។ លោក Musk បាននិយាយឆ្លើយតបនឹង Twitter ដែលបានបង្ហោះរូបភាពនៃអាវយឺតដែលមានអក្សរនៅលើនោះថា “ ឥណ្ឌាចង់បានក្រុមហ៊ុន Tesla” និង “ ឥណ្ឌាស្រឡាញ់ Tesla” ថា “ ឆ្នាំក្រោយប្រាកដណាស់” ហើយលោកបានបន្ថែមថា “ អរគុណសម្រាប់ការរង់ចាំ” ។

គួរបញ្ជាក់ផងដែរថា ការប្រកាសរបស់ក្រុមហ៊ុន Tesla បានធ្វើឡើងនៅពេលដែលប្រទេសឥណ្ឌាកំពុងបង្កើនហេដ្ឋារចនាសម្ព័ន្ធសាកថ្មសម្រាប់យានយន្តអគ្គិសនី ក្នុងគោលបំណងបង្កើនសមាមាត្រនៃរថយន្តអគ្គិសនីដែលកំពុងបើកបរលើដងផ្លូវ។ ម៉្យាងវិញទៀតវិស័យរថយន្តរបស់ប្រទេសឥណ្ឌាកំពុងដំណើរការឡើងវិញនៅក្រោមតម្រូវការ ដែលបានធ្លាក់ចុះដោយសាររងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាត និងរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា។

ទន្ទឹមនឹងនេះនៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី Narendra Modi បានទៅទស្សនាទីស្នាក់ការកណ្តាលក្រុមហ៊ុន Tesla នៅ Palo Alto រដ្ឋកាលីហ្វ័រញ៉ា និងបានជួបលោក Musk ដែលបានផ្តល់ឲ្យនាយករដ្ឋមន្រ្តី Modi នូវដំណើរទស្សនកិច្ចនៅរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Tesla មិនទាន់បានដាក់បង្ហាញនូវរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ឬ ប្រទេសផ្សេងទៀតនៅអាស៊ីខាងត្បូងនៅឡើយទេ។ ទីផ្សារអាស៊ីតែមួយគត់ដែលក្រុមហ៊ុន Tesla មានវត្តមានគឺប្រទេសចិន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand