ស៊ូទៅមុខលែងរួច! AirAsia Japan បង្ខំចិត្ត​បញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ក្រោមហេតុផលមួយនេះ
អាជីវកម្ម October 2, 2020 Chan Sreyny

ក្រុមហ៊ុន Yomiuri Shimbun បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប AirAsia Japan Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ AirAsia បានចាប់ផ្ដើមចាត់វិធានការបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន។ ដោយ AirAsia Japan បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធនៃគោលនយោបាយនេះ ឱ្យបានត្រឹមថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន nationthailand បានឲ្យដឹងថា ការសម្រេចចិត្តបែបនេះរបស់ក្រុមហ៊ុនគឺ បណ្ដាលមកពី តម្រូវការធ្វើដំណើរតិច បន្ទាប់ពីការរីករាលដាលនៃវីរុស Covid-19។ ខណៈក្រុមហ៊ុនបានផ្អាកប្រតិបត្តិការនៅគ្រប់ផ្លូវទាំងអស់ក្នុងពេលកន្លងមកនេះ នៅពេលដែលវីរុសឆ្លងរាលដាល។ ហើយនៅខែសីហា ក្រុមហ៊ុនបានចាប់ផ្ដើមហោះហើរវិញ ប៉ុន្តែចំនួនអ្នកដំណើរនៅតែទាប។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AirAsia Japan នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដោយមានការវិនិយោគពីភាគីនានារួមមាន ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ដែលជាក្រុមហ៊ុន LCC ធំជាងគេនៅអាស៊ី។ AirAsia Japan បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៧ ហើយបច្ចុប្បន្នប្រតិបត្តិការផ្លូវចំនួន ៤ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ Chubu នៅ Tokoname, តំបន់ Aichi ដែលជាមូលដ្ឋានរបស់អាកាសយានដ្ឋាន New Chitose នៅ Hokkaido អាកាសយានដ្ឋាន Fukuoka អាកាសយានដ្ឋានអន្តរជាតិ Sendai និងអាកាសយានដ្ឋានអន្តរជាតិ Taoyuan នៅ Taipei។

អត្ថបទ៖ លីនី
ប្រភព៖ nationthailand