ឧទ្យាន Walt Disney នៅអាមេរិកនឹងបញ្ឈប់បុគ្គលិកប្រហែល ២៨,០០០ នាក់ដោយសារការវាយប្រហាររបស់កូវីដ-១៩
អាជីវកម្ម September 30, 2020 Chan Sreyny

Walt Disney បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ២៨,០០០ នាក់នៅអាមេរិកក្នុងផ្នែកឧទ្យានកម្សាន្តរបស់ខ្លួន ខណៈពេលដែលកន្លែងកម្សាន្តរបស់ខ្លួនមានការលំបាកក្នុងការកំណត់ចំនួនចូលរបស់ភ្ញៀវ និងការបន្តបិទ Disneyland នៅរដ្ឋ California ដោយសារតែជំងឺរាតត្បាត Covid-19 ។

Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រហែល ២/៣ នៃនិយោជិកដែលបានបញ្ឈប់គឺជាបុគ្គលិកក្រៅម៉ោង។ Disney បានបិទសួនកម្សាន្តរបស់ខ្លួននៅជុំវិញពិភពលោក នៅពេលដែលជំងឺ Covid-19 ចាប់ផ្តើមរីករាលដាលនៅដើមឆ្នាំនេះ។ ប៉ុន្តែ Disneyland បានបើកដំណើរការជាបណ្តើរៗ ទោះបីជាក្រុមហ៊ុនត្រូវបានបង្ខំឱ្យកំណត់ចំនួនភ្ញៀវទេសចរ ដើម្បីអនុញ្ញាតឱ្យមានការរក្សាគម្លាតពីគ្នាក៏ដោយ។

លោក Josh D’Amaro ប្រធានអង្គភាពឧទ្យាន Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « យើងបានធ្វើការសម្រេចចិត្តដ៏លំបាក ដើម្បីចាប់ផ្តើមដំណើរការនៃការកាត់បន្ថយកម្លាំងពលកម្មនៅតាមឧទ្យាន បទពិសោធន៍ និងផលិតផលរបស់យើងនៅគ្រប់កម្រិត »៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia