ភោជនីយដ្ឋានថ្មី របស់ស្ដេចរោយអំបិលលោក Salt Bae ត្រូវអាជ្ញាធរបញ្ជាឲ្យបិទទ្វារ ក្រោយបើកមិនទាន់បានមួយខែស្រួលបួលផង
អាជីវកម្ម September 30, 2020 Chan Sreyny

ភោជនីយដ្ឋាន Nusr-Et Boston ដែលជាភោជនីយដ្ឋានចុងក្រោយបង្អស់ពីតារា Instagram លោក “ Salt Bae” ដែលមានឈ្មោះពិតថា Nusret Gökçe ត្រូវបានបិទទ្វារកាលពីថ្ងៃសៅរ៍ បន្ទាប់ពីចាប់ផ្ដើមដំំណើរការលក់មិនទាន់បានមួយខែស្រួលបួលផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន foxnews កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ។

បើយោងតាមប្រភពដដែលបានឲ្យដឹងថា​ ភោជនីយដ្ឋានរបស់កំពូលចុងភៅរូបនេះ ត្រូវបានបញ្ជាឲ្យបិទទ្វារ ដោយសារក្រុមមន្រ្តីបានរកឃើញថា រំលោភបំពាននូវវិធានការទប់ស្កាត់វីរុស Covid-19 របស់រដ្ឋាភិបាល និងបទបញ្ញត្តិសុវត្ថិភាពអគ្គិភ័យ។ មិនតែប៉ុណ្ណោះអាជ្ញាប័ណ្ណស្រារបស់ភោជនីយដ្ឋានក៏ត្រូវបានផ្អាកដោយគ្មានកំណត់ដែរ។

គួរឲ្យដឹងផងដែរថា ភោជនីយដ្ឋាន Nusr-Et Boston បានបើកការសម្ពោធនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ទោះបីជាអ្នកស្រុកបានរាយការណ៍ថា ហ្វូងមនុស្សជាច្រើនឈរនៅតាមដងផ្លូវ គឺរំលោភលើវិធានការរបស់ទីក្រុងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ ជាមួយគ្នានេះរូបភាពដែលបានចែករំលែកទៅទំព័រ Instagram ផ្លូវការរបស់ Gökçe នៅថ្ងៃទី ១៩ ខែកញ្ញា ក៏បង្ហាញពីហ្វូងមនុស្សទាំងនោះ នៅខាងក្រៅភោជនីយដ្ឋាននារាត្រីបើកដំបូងដែរ ដោយមានការរំលោភបំពានច្បាប់សង្គម និងខ្លះមិនពាក់ម៉ាស់។

យ៉ាងណាមិញ នេះមិនមែនជាការព្រមានលើកទី១​ ទេ សម្រាប់លោក “ Salt Bae” ពាក់ព័ន្ធទៅនឹងរឿងសុវត្ថិភាព និងអនាម័យ នៃហាងអាហារ ព្រមទាំងក្បាច់រោយអំបិលរបស់គាត់។ ខណៈកំពូលចុងភៅដ៏ល្បីរូបនេះ បានប្រតិបត្តិការហាងចំនួន ១៥ ទីតាំង និងភោជនីយដ្ឋាន Nusr-Et ១៥ កន្លែងផ្សេងទៀតនៅក្នុងប្រទេសទួរគី អារ៉ាប់រួម សហរដ្ឋអាមេរិក និងក្រិក៕

អត្ថបទ៖ លីនី
ប្រភព៖ foxnews