បុរសម្នាក់សុខចិត្តឈប់ពីការងារ ចាប់យករបរ លក់ស្រមោច មុនគេបង្អស់នៅសឹង្ហបុរី
អាជីវកម្ម September 29, 2020 Chan Sreyny

នៅពេលនិយាយពីប្រធានបទចង់បើកអាជីវកម្មលក់សត្វចិញ្ចឹម យើងគ្រប់គ្នាប្រាកដជាលើកយក ការលក់សត្វចិញ្ចឹមដូចជា សត្វឆ្កែ ឆ្មា ទន្សាយ ឬ កូនកណ្ដុរសជាដើម។ ប៉ុន្តែសម្រាប់បុរសជនជាតិសិង្ហបុរីម្នាក់ មានគំនិតខុសពីគេ នោះគឺគំនិតបើកអាជីវកម្មលក់ស្រមោច ដែលមនុស្សមួយចំនួនគិតថាជារឿងគួរឲ្យអស់សំណើច និងឆ្កួតលីលា។ ប៉ុន្តែបច្ចុប្បន្នបុរសរូបនោះត្រូវបានគេស្គាល់ថា ជាស្ថាបនិកនៃហាងលក់ស្រមោចមុនគេបង្អស់នៅសឹង្ហបុរីមានឈ្មោះថា « Just Ants »។

លោក John Ye វ័យ ៤១ឆ្នាំ គឺជាមនុស្សដែលមានឆន្ទៈយ៉ាងមុតមាំ និងមានក្ដីស្រមៃ ហើយព្យាយាមម្រេចនូវអ្វីដែលខ្លួនស្រលាញ់ ដោយរូបគាត់បានបោះបង់ចោលការងាររបស់គាត់នៅក្នុងឆ្នាំ២០១៧ ដើម្បីបង្កើត​ « Just Ants »។ នៅក្នុងបទសម្ភាសន៍ជាមួយ Vulcan Post លោក​ John បានចែករំលែកថា គាត់ធ្លាប់ធ្វើជាបុគ្គលិកលក់នៅក្នុង​ក្រុមហ៊ុនចែកចាយ និងបោះដុំគ្រឿងអេឡិចត្រូនិកមួយកន្លែង ហើយក្រោយមកបានលាឈប់ពីការងារ ដោយសារចង់ធ្វើតាមចំណង់ចំណូលចិត្តរបស់គាត់ ជាជាងការប្រឹងលក់ឲ្យគ្រប់គោលដៅ ដើម្បីទទួលបានប្រាក់បន្ថែម។

បុរសរូបនេះបន្តថា ដោយសារគាត់ដឹងថានៅសឹង្ហបុរីមិនមានហាងលក់ស្រមោចទេ ហើយក៏មិនមានហាងសម្រាប់អ្នកដែលចូលចិត្តស្រមោចដើម្បី អាចពិភាក្សា ផ្លាស់ប្ដូរយោបល់ រួមទាំងចែករំលែកចំណង់ចំណូលចិត្តគ្នាបានដែរ។ ដូច្នេះហើយក្រោយពីបានពិភាក្សាគ្នា គាត់និងប្រពន្ធបានសំរេចចិត្តបន្តដំណើរទៅមុខទៀតហើយបានបង្កើតហាងស្រមោចដំបូងគេរបស់ប្រទេសសិង្ហបុរី។

ប្រភពដដែលបានឲ្យដឹងថា ចំណង់ចំណូលចិត្តរបស់ John ចំពោះសត្វស្រមោចបានចាប់ផ្តើមនៅពេលគាត់បានមើលបណ្តាញយូធូបដ៏ពេញនិយមរបស់កាណាដា ដែលបានចងក្រងជាឯកសារអំពីរឿងស្រមោច។ នៅពេលនោះ គាត់រៀនសូត្របានច្រើនពីស្រមោច អាចនិយាយបានថា ស្រមោចបានជួយកែប្រែគាត់ពីមនុស្សដែលចូលចិត្តគិតផ្លូវមិនល្អនៅក្នុងជីវិតមកជាមនុស្សមើលឃើញអ្វីៗជុំវិញខ្លួនសុទ្ធតែល្អ និងមានប្រយោជន៍។ លោកបានលើកឡើងថា មានរឿងច្រើនណាស់ដែលយើងអាចរៀនសូត្រពីស្រមោច ទាក់ទងនឹងមេរៀនជីវិត។

ជាមួយគ្នានេះលោកបានឲ្យដឹងបន្ថែមថា « Just Ants » ដែលជាហាងលក់ស្រមោចរបស់លោក បង្កើតឡើងតាំងពីឆ្នាំ២០១៧ ក៏ពិតមែន តែទើបតែចេញផ្លែផ្កានៅឆ្នាំ២០១៩ នេះដែរទេ​ គឺនៅពេលដែលអ្នកចូលចិត្តស្រមោចបានចាប់ផ្តើមរៀបចំពិពណ៌ស្រមោច។ បុរសរូបនេះបាននិយាយថា មនុស្សទូទៅកាន់តែចាប់អារម្មណ៍ ក្នុងការចិញ្ចឹមស្រមោចនាពេលបច្ចុប្បន្ន ហើយលោកក៏ចង់ប្រើ «Just Ants» ជាផ្លូវសម្រាប់អប់រំមនុស្សគ្រប់ស្រទាប់វណ្ណៈ ដើម្បីឲ្យពួកគេស្វែងយល់បាន​ច្រើន។

យ៉ាងណាមិញចំពោះតម្លៃស្រមោច John បានបង្ហាញថា គឺអាស្រ័យទៅតាមទូរ ប៉ុន្តែវាមិនមានតម្លៃថ្លៃទេ គឺចាប់ពីតម្លៃខ្ទង់ ៣៦ ដុល្លារ ដល់ ១២៤ដុល្លារ អាស្រ័យទៅតាមទំហំទូរ និងប្រភេទស្រមោច ដែលក្នុងហាងរបស់គាត់មានលក់ខ្ទង់ ៣០ ទៅ ៣៥​ ប្រភេទ។ បន្ថែមពីនេះទោះបីជាមានឧបសគ្គដំបូងក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 យ៉ាងណាក៏ដោយ John និយាយថា ការលក់បានកើនឡើងចាប់តាំងពីខែកក្កដា ហើយលោកសង្ឃឹមថា នឹងអាចសហការជាមួយស្ថាប័នដូចជា សាលារៀន ដើម្បីបង្រៀនក្មេងៗ អំពីស្រមោចនិងវដ្តជីវិតរបស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ vulcanpost