ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី២ នៅមជ្ឈឹមបូព៌ាទទួលបានជំនួយ ២ ពាន់លានដុល្លារ ដើម្បីតស៊ូនឹងវិបត្តិកូវីដ
អាជីវកម្ម September 28, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានទទួលជំនួយជាទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារ ដើម្បីឆ្លើយតបនឹងវិបត្តិនៃជំងឺរាតត្បាត Covid-19 ដោយសារវាបានបង្ហាញពីការខាតបង់ប្រចាំឆ្នាំយ៉ាងច្រើន បន្ទាប់ពីបានឆ្លងកាត់ឧបសគ្គដ៏លំបាកបំផុតមួយនេះ។

Qatar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways កំពុងប្រឈមមុខនឹងបញ្ហាប្រឈមនានាជាពិសេសឆ្នាំ ២០១៩-២០ គឺជាឆ្នាំដ៏លំបាកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ »។

Qatar Airways បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនបានចូលរួមក្នុងបញ្ជីរដ្ឋាភិបាល ដែលបានបោះជំហានទៅមុខដើម្បីគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ពួកគេ តាមរយៈការទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 ដែលបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរជាសកល និងឧស្សាហកម្មអាកាសចរណ៍។

ទន្ទឹមនឹងនេះ Qatar បានលក់ភាគហ៊ុនចំនួន ៧៣០ លានហ៊ុនដល់រដ្ឋាភិបាល បន្ទាប់ពីទទួលបានទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារ ដែលបណ្ដាលមកពីការខាតបង់ប្រចាំឆ្នាំលើសពី ៥០% នៃដើមទុន។ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Qatar លោក Akbar al-Baker បានមានប្រសាសន៍ថា « ប្រសិនបើមិនមែនសម្រាប់កាលៈទេសៈពិសេសនៃឆ្នាំសារពើពន្ធ ២០២០ ទេនោះ លទ្ធផលរបស់យើងនឹងប្រសើរជាងឆ្នាំមុន »។

គួរឱ្យដឹងផងដែរថា Qatar Airways គឺជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី២ នៅមជ្ឈឹមបូព៌ាបន្ទាប់ពីក្រុមហ៊ុន Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost