Thai Airways ប្រើស្នៀតចុងក្រោយស្ដារក្រុមហ៊ុន ដោយបើកដំណើរការដឹកអ្នកដំណើរមើលទេសភាពទូទាំងប្រទេស និងផ្ដល់បទពិសោធន៍លើយន្តហោះ ក្នុងរយៈពេល២ ទៅ ៣ ម៉ោង
អាជីវកម្ម September 26, 2020 Chan Sreyny

ដោយសារ​តែការផ្ទុះឡើង និងការរីករាលដាលនៃវីរុស Covid-19 បានធ្វើ​ឲ្យប្រទេសជាច្រើនបិទច្រកចេញចូលប្រទេស ទាំងផ្លូវ គោក អាកាស និងទឹក ហើយការផ្អាកចេញចូលនេះបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យអាកាសចរណ៍ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍តែម្ដង។ ហេតុដូច្នេះ ដើម្បីរស់រានក្នុងវិបត្តិដ៏រ៉ាំរ៉ៃមួយនេះ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបញ្ចេញយុទ្ធសាស្រ្តចុងក្រោយបំផុតរបស់ខ្លួន ដើម្បីរក្សាប្រតិបត្តិការ និងស្ដារក្រុមហ៊ុនឡើងវិញ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន The Thaiger បាន​ឲ្យដឹងថា Thai Airways បានបញ្ចេញស្នៀតចុងក្រោយ ដែលមានឈ្មោះថា “flight to nowhere” ដែលជាគំនិតថ្មី និងចុងក្រោយបំផុត ក្នុងការគ្រប់គ្រងក្រុមហ៊ុន។ គំនិតនេះដែរ ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលខកខានជិះយន្តហោះយូរ ដើម្បីទទួលបានបទពិសោធន៍នៅលើយន្តហោះជាថ្មី ជាមួយទេសភាពលើអាកាស ដោយការ​ជិះត្រឹមរយៈពេល ២ ទៅ ៣ ម៉ោង​។ លើសពីនេះទៅទៀតអ្នកដំណើរនឹងទទួលបានអាហា​រនៅលើយន្តហោះ ដែលជាទីនឹករលឹករបស់ពួកគេ ហើយនឹងត្រលប់មកចុះចតនៅអាកាសយាន្តដ្ឋានដែលពួកគេបានចាប់ផ្ដើមហោះហើរវិញ។

ប្រភពដដែលបានបន្តថា Thai Airways កំពុងរៀបចំប្រតិបត្តការជើងហោះហើរក្រោមយុទ្ធសាស្រ្តថ្មីរបស់ខ្លួន គឺ «flights to nowhere» និង «rides» នៅក្រោមកម្មវិធី «Thai Flying Experience & Beyond »។ ហើយនៅក្នុងកម្មវិធី «Thai Flying Experience & Beyond » នេះមានកញ្ចប់ចំនួន ៣ សម្រាប់អ្នកដំណើរជ្រើសរើសដែលមានតម្លៃចាប់ពី ១៦,០០០បាត (ជាង ៥០៦ ដុល្លារ) ទៅ ៣៦,០០០បាត (ជាង ១,១០០ ដុល្លារ) សម្រាប់បទពិសោធន៍នៅលើយន្តហោះ ការជ្រើសរើសអ្នកបើកយន្តហោះ និងយន្តហោះដែលអ្នកដំណើរចង់បានដូចជា Airbus A380, Boeing 777-300ER, Boeing B747-400 និង Boeing 737-400 ។ ដោយឡែកសម្រាប់ ប្រតិបត្តិការ «flights to nowhere» តម្លៃប្រហែល ៥០០០ បាត (ជាង ១៥៨ ដុល្លារ)។

ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុនអាកាសចរណ៍ថៃកំពុងឆ្លងកាត់ការអនុញ្ញាតពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ដើម្បីអនុវត្តប្រតិបត្តិការ «flights to nowhere»។ ខណៈយន្តហោះនៃជើងហោះហើរ Thai Smile Airbus A320 និងត្រូវប្រើសម្រាប់ប្រតិបត្តិការថ្មីនេះ ដែលរួមបញ្ចូលទាំងទេសភាពអាកាសដ៏ស្រស់ស្អាតនៃគោលដៅទេសចរណ៍ពេញនិយមនៅទូទាំងប្រទេសដូចជា Phra That និង Doi Suthep នៅឈៀងម៉ៃ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways ជឿជាក់ថា កម្មវិធីទាំងពីរនឹងទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ខណៈកន្លងមកក្រុមហ៊ុននេះ ចាប់ផ្តើមបើកដំណើរការហាងកាហ្វេនៅ Bangkok HQ ដើម្បីផ្ដល់បទពិសោធន៍នៃការហោះហើរ ដល់ភ្ញៀវ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger