ក្រុមហ៊ុន Google នឹងផ្ដល់ប្រាក់ខែដល់បុគ្គលិករបស់ខ្លួន ២,៥០០ ដុល្លារបន្ថែមទៀត ដើម្បីជួយសងបំណុលរបស់ពួកគេ
អាជីវកម្ម September 26, 2020 Chan Sreyny

Google បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់ខ្លួននឹងចាប់ផ្តើមជួយបុគ្គលិករបស់ខ្លួន ក្នុងការសងប្រាក់កម្ចីនិស្សិតរបស់ពួកគេ។

កម្មវិធីនេះ នឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ហើយ Google នឹងត្រូវចំណាយប្រាក់រហូតដល់ ២,៥០០ ដុល្លារសម្រាប់បុគ្គលិកម្នាក់ក្នុងមួយឆ្នាំៗ ដោយចាប់ផ្តើមពីនិយោជិកអាមេរិក និងពង្រីកដល់កម្លាំងពលកម្មសកលរបស់ខ្លួននាពេលអនាគត។ យោងតាមសារព័ត៌មាន CNBC បានឱ្យដឹងថា កម្មវិធីនេះនឹងផ្តល់ជូនសម្រាប់តែបុគ្គលិកពេញម៉ោងប៉ុណ្ណោះ។

Google បាននិយាយថា គោលដៅនៃកម្មវិធីនេះ គឺដើម្បីជួយនិយោជិកឱ្យសងប្រាក់កម្ចីរបស់ពួកគេឱ្យបានលឿន ដូច្នេះពួកគេអាចសន្សំប្រាក់សម្រាប់ចូលនិវត្តន៍ ចាប់ផ្តើមគ្រួសារ ឬទិញផ្ទះរបស់ពួកគេបាន។

Google បានកត់សម្គាល់នៅក្នុងការសរសេរប្លក់របស់ខ្លួនថា បន្ទុកនៃបំណុលប្រាក់កម្ចីនិស្សិតខ្ពស់គឺមានជាទូទៅនៅអាមេរិកជាងនៅប្រទេសដទៃទៀត។ បំណុលកម្ចីនិស្សិតនៅសហរដ្ឋអាមេរិកមានចំនួនលើសពី ១.៥ សែនកោដិដុល្លារ ដោយប្រជាជនដែលបាត់បង់ឱកាសទទួលយកបំណុលកម្ចីនិស្សិតច្រើនជាងអ្នកខ្ចីផ្សេងទៀត។

បញ្ហាដែលមិនស្មើគ្នានេះធ្វើឱ្យប៉ះពាល់ដល់អ្នកខ្ចីស្បែកខ្មៅ ដែលទំនងជាត្រូវយកប្រាក់កម្ចីជំពាក់បំណុលច្រើនជាងពេលបញ្ចប់ការសិក្សា ហើយរកប្រាក់ចំណូលបានតិចជាងមិត្តភក្តិស្បែកសរបស់ពួកគេ បន្ទាប់ពីបញ្ចប់ការសិក្សាដែលធ្វើឱ្យពិបាកក្នុងការសងប្រាក់កម្ចី។ ការលុបបំបាត់បំណុលប្រាក់កម្ចីរបស់និស្សិតកាន់តែច្រើន អាចជួយកាត់បន្ថយគម្លាតទ្រព្យសម្បត្តិរវាងក្រុមគ្រួសារស្បែកខ្មៅ និងស្បែកស។

គួរឱ្យដឹងផងដែរថា កម្មវិធីថ្មីនេះ គឺជាអត្ថប្រយោជន៍ថ្មីមួយក្នុងចំណោមអត្ថប្រយោជន៍ថ្មីមួយចំនួន ដែលក្រុមហ៊ុន Google បានបន្ថែមក្នុងរយៈពេល ៦ ខែចុងក្រោយនេះ នៅពេលដែលនិយោជិកបន្តធ្វើការពីផ្ទះ៕

អត្ថបទ៖ នីតា
ប្រភព៖ businessinsider