ក្រោយកូវីដឆក់យកការងារបាត់ នាំឲ្យនារីវ័យ ២៣ឆ្នាំម្នាក់ បែកគំនិតធ្វើរឿងមួយនេះបង្កើតចំណូលចិញ្ចឹមជីវិតក្នុង​គ្រាមានវិបត្តិ
អាជីវកម្ម September 23, 2020 Chan Sreyny

ដូចដែលយើងបានដឹងរួចមកហើយថា វីរុសកូរ៉ូណាបានសម្លាប់មនុស្សជាច្រើននៅលើពិភពលោក និងបានវាយប្រហារសេដ្ឋកិច្ចរបស់ប្រទេសមិនតិចនោះដែរ ឲ្យធ្លាក់ចូលវិបត្តិ។ ក្នុងបរិបថបែបនេះ ប្រទេសហ្វីលីពីនបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីពីវីរុសនេះ។ ចាប់តាំងពីផ្ទុះវីរុសនៅក្នុងប្រទេសមក រដ្ឋាភិបាលបានដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជាបន្តបន្ទាប់ ក្នុងនោះរួមមានការបិទទីក្រុងផងដែរ។

ជាមួយគ្នានេះនៅពេលវីរុស Covid-19 បានវាយប្រហារប្រទេសហ្វីលីពីន Mary Mae Dacanay បានបាត់បង់ការងារនៅរោងចក្រ ហើយជីវិតរបស់នាងត្រូវបានផ្លាស់ប្ដូរដូចទៅនឹងកម្មករដែលមានប្រាក់ចំណូលទាបជាច្រើននៅលើពិភពលោក​ដែរ។ នារីវ័យ ២៣ឆ្នាំ រូបនេះ បានបង្កើតប្រភពចំណូលថ្មីប្លែកមួយ ដែលអាចឲ្យនាងរកប្រាក់ចិញ្ចឹមជីវិតក្នុងពេលមានវិបត្តិ។

ប្រាប់ទៅកាន់សារព័ត៌មាន BBC ស្រ្តីបានប្រាប់ឲ្យដឹងថា ចំណូលថ្មីដែលនាងទទួលបាននោះ គឺការច្នៃស្លឹកឈើទៅជារូបគំនូរផ្សេងៗ ដោយនាងបានប្រើប្រាស់​ស្លឹកឈើដែលខ្លួនបានដើររើសនៅខាងក្រៅផ្ទះ ហើយកាត់ចេញនូវបំណែកតូចៗ និងឆ្នៃជារូបទេសភាព រូបសត្វ ជាពិសេសគឺ រូបរបស់បុគ្គលល្បីៗ យ៉ាងដូចបេះបិទ។

អតីតកម្មករធ្វើការនៅរោចក្ររូបនេះរស់នៅ Laguna ប្រទេសហ្វីលីពីន នាងបាននិយាយថា អ្នកដែលចង់ឲ្យនាងឆ្លាក់រូបនៅលើស្លឹកឈើ​ត្រូវចំណាយ ចាប់ពី ៤០០ ប៉េសូ (៨ ដុល្លារ) ឬ ខ្ពស់ជាងនេះអាស្រ័យលើរូបដែលពួកគេចង់បាន ដែលអាចធ្វើឱ្យវាកាន់តែពិបាកក្នុងការធ្វើ។ ទោះបីជាមានតម្លៃរាងថ្លៃក៏ដោយ បច្ចុប្បន្ន​អាជីពថ្មីរបស់នាង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ធ្វើឲ្យចំនួន followers របស់នាងកើនឡើងរាប់ពាន់នាក់យ៉ាងឆាប់រហ័ស៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo , bbc