Toyota នឹងមិនពង្រីកអាជីវកម្មបន្ថែមនៅប្រទេសឥណ្ឌានោះទេ ដោយសារកត្តាមួយនេះ ខណៈ GM និង Ford បានដកខ្លួនចេញរួចមកហើយ
អាជីវកម្ម September 15, 2020 Chan Sreyny

Toyota Motor Corp បាននិយាយថា ខ្លួននឹងមិនពង្រីកអាជីវកម្មបន្ថែមទៀតនៅក្នុងប្រទេសនោះទេ ដោយសារតែរបបពន្ធរបស់ប្រទេសនេះខ្ពស់ពេក។ ការបដិសេធរបស់ Toyota គឺជាការវាយប្រហារមួយទៅលើនាយករដ្ឋ​មន្រ្តី Narendra Modi ដែលកំពុងព្យាយាមទាក់ទាញក្រុមហ៊ុនសកល ដើម្បីទូទាត់នូវវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅដែលបណ្តាលមកពីការវឆ្លងរាលដាលនៃវីរុស Covid-19។

លោក Shekar Viswanathan អនុប្រធានក្រុមហ៊ុនក្នុងស្រុករបស់ក្រុមហ៊ុន Toyota Toyota Kirloskar Motor បានមានប្រសាសន៍ថា រដ្ឋាភិបាលរក្សាពន្ធលើរថយន្ត និងម៉ូតូខ្ពស់ ដូច្នេះក្រុមហ៊ុនពិបាកក្នុងការពង្រីកខ្លួន។ លោកបានបន្តថា ការយកពន្ធខ្ពស់ ក៏អាចធ្វើក្រុមហ៊ុនទទួលបានអតិថិជនតិចផងដែរ គឺលក់មិនដាច់ដូចមុន ដែលធ្វើរោងចក្រនៅទំនេរ ហើយការងារមិនត្រូវបានបង្កើតឡើយ។

នៅក្នុងបទសម្ភាសន៍មួយអនុប្រធានក្រុមហ៊ុនរូបនេះបានលើកឡើងដូច្នេះថា៖ « យើងកំពុងទទួលបានសារដែលយើងមិនចង់បាន ចាប់តាំងពីក្រុមហ៊ុនឈានជើងចូលក្នុងប្រទេសនេះ ហើយវិនិយោគ។ ក្នុងករណីគ្មានការកែប្រែទម្រង់ ក្រុមហ៊ុនមិនចាកចេញពីទីនេះទេ ហើយក៏មិនពង្រីកអាជីវកម្មដែរ »។

ក្រុមហ៊ុន​ Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតនៅលើពិភពលោកបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៩៧។ អង្គភាពក្នុងស្រុករបស់ខ្លួនកាន់កាប់ភាគហ៊ុន ៨៩% ដោយក្រុមហ៊ុនជប៉ុននិងមានចំណែកទីផ្សារតិចតួចពោល គឺមានតែ ២.៦% ប៉ុណ្ណោះនៅក្នុងខែសីហាធៀបនឹងជិត ៥% កាលពីមួយឆ្នាំមុន នេះបើយោងតាមទិន្នន័យសមាគមអ្នកចែកចាយរថយន្តបានបង្ហាញ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន General Motors Co បានដកខ្លួនចេញពីប្រទេសឥណ្ឌាក្នុងឆ្នាំ២០១៧ ខណៈដែលក្រុមហ៊ុន Ford Motor Co បានយល់ព្រមកាលពីឆ្នាំមុន ដើម្បីផ្លាស់ប្តូរទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាទៅក្នុងការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Mahindra & Mahindra Ltd បន្ទាប់ពីការតស៊ូអស់រយៈពេលជាងពីរទសវត្សដើម្បីឈ្នះលើអ្នកទិញ។ ប្រតិបត្តិការឯករាជ្យនោះបានបញ្ចប់ប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសមួយដែលក្រុមហ៊ុន Ford ធ្លាប់បាននិយាយថា ខ្លួនចង់ក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារធំទាំងបីរបស់ប្រទេសនេះនៅឆ្នាំ ២០២០៕

អត្ថបទ៖ លីនី
ប្រភព៖ economictimes