ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បរាជ័យក្នុងការទិញ TikTok
អាជីវកម្ម September 14, 2020 Chan Sreyny

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បាននិយាយថា ការដេញថ្លៃរបស់ខ្លួនដើម្បីទិញយកប្រតិបត្តិការ TikTok នៅអាមេរិកបានបរាជ័យ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថាក្រុមហ៊ុនមេធំរបស់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម TikTok គឺ ByteDance បានច្រានចោលការដេញថ្លៃរបស់ Microsoft ដោយជ្រើសរើសយកកិច្ចព្រមព្រៀងជាមួយ Oracle។

ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃអាទិត្យថា​ ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិនបា​នបដិសេធការស្នើសុំទិញរបស់ខ្លួន។ បើតាមប្រព័ន្ធផ្សព្វផ្សាយបានកំពុងរាយការណ៍ថា ក្រុមហ៊ុនសូហ្វវែរអាមេរិក Oracle បានឈ្នះការដេញថ្លៃ ហើយក្រុមហ៊ុននឹងមិនទទួលយក TikTok ទាំងស្រុងទេ ដោយនឹងធ្វើជាដៃគូបច្ចេកវិទ្យា។

សូមរម្លឹកផងដែរថា ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានហាមឃាត់ការធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុន ByteDance ចាប់ពីចុងខែកញ្ញា។ ខណៈរដ្ឋបាលរបស់លោកបានលើកឡើងពី TikTok ថា ជាការគំរាមកំហែងមួយដែលអាចកើតមានដល់សន្តិសុខជាតិ ដោយនិយាយថារដ្ឋាភិបាលចិនអាចទទួលបាននូវព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិក។ លើសពីនេះលោក Trump បានគំរាមហាមឃាត់ TikTok ប្រសិនបើក្រុមហ៊ុន ByteDance មិនបានលក់ប្រតិបត្តិការរបស់ខ្លួនទៅឲ្យក្រុមហ៊ុនអាមេរិកណាមួយ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk