ក្រុមហ៊ុនឱសថបារាំង និងអង់គ្លេស សង្ឃឹមថាវ៉ាក់សាំងដែលខ្លួនអភិវឌ្ឍនឹងអាចដាក់លក់ក្រោមតម្លៃ ១១.៨០ ដុល្លារ
អាជីវកម្ម September 8, 2020 Chan Sreyny

ប្រធានក្រុមហ៊ុនផលិតថ្នាំ Sanofi នៅប្រទេសបារាំង បាននិយាយកាលពីថ្ងៃសៅរិ៍កន្លងទៅនេះថា វ៉ាក់សាំងការពារ Covid-19 ដែល Sanofi កំពុងអភិវឌ្ឍជាមួយ GlaxoSmithKline (GSK) របស់អង់គ្លេសទំនងជាមានតម្លៃតិចជាង​ ១០ផោន (ប្រហែល ១១.៨០ ដុល្លារ) ក្នុងមួយដូស ប្រសិនបើវាត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់។

លោក Olivier Bogillot បានប្រាប់វិទ្យុបារាំងអន្តរជាតិថា៖ « តម្លៃមិនត្រូវបានកំណត់ទាំងស្រុងទេ យើងកំពុងវាយតម្លៃថ្លៃដើមផលិតកម្ម សម្រាប់ប៉ុន្មានខែខាងមុខនេះ ក្រោមតម្លៃ ១០ផោន »។ អ្នកផលិតថ្នាំ និងភ្នាក់ងាររដ្ឋាភិបាលកំពុងប្រជែងដើម្បីទទួលបានថ្នាំបង្ការ សម្រាប់វីរុស Covid-19 ដែលជាជំងឺផ្លូវដង្ហើមដែលបណ្ដាលឲ្យមនុស្សស្លាប់ជាង ៨៧៩,០០០ នាក់នៅទូទាំងពិភពលោក។

នៅពេលសួរអំពីគូប្រជែង AstraZeneca ដែលត្រូវបានគេរំពឹងថា នឹងដាក់តម្លៃវ៉ាក់សាំងរបស់ខ្លួន ប្រហែល ២.៥០អឺរ៉ូ (២.៩៥ ដុល្លារ) នៅអឺរ៉ុប។ លោក Bogillot បាននិយាយថា៖ « គម្លាតតម្លៃសម្រាប់យើងអាចថាយើងប្រើប្រាស់ធនធានផ្ទៃក្នុងទាំងអស់ ក្នុងនោះមានអ្នកស្រាវជ្រាវផ្ទាល់របស់យើង មជ្ឈមណ្ឌលស្រាវជ្រាវផ្ទាល់របស់យើង ខណៈផ្នែកនៃផលិតកម្មរបស់ AstraZeneca គឺមកពីប្រភពខាងក្រៅ។

យ៉ាងណាមិញអ្នកនាំពាក្យរបស់ Sanofi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលកាលពីថ្ងៃអាទិត្យថា តម្លៃចុងក្រោយនឹងត្រូវបានសំរេច តែនៅពេលដែលវ៉ាក់សាំងឈានដល់ដំណាក់កាលសាកល្បងចុងក្រោយរបស់វា។
កាលពីដើមសប្តាហ៍នេះ Sanofi និង GSK បាននិយាយថា ពួកគេបានចាប់ផ្តើមសាកល្បងបេក្ខភាពវ៉ាក់សាំងការពារវីរុស Covid-19 របស់ខ្លួន ដែលមានសក្ដានុពល ជាមួយភាពជឿជាក់យ៉ាងមុតមាំថា នឹងឈានដល់ដំណាក់កាលសាកល្បងចុងក្រោយដែលគេស្គាល់ថាជាដំណាក់កាលទី ៣ នៅខែធ្នូ។ ហើយប្រសិនបើលទ្ធផលមានភាពវិជ្ជមាន Sanofi និង GSK សង្ឃឹមថានឹងទទួលបានការចាក់វ៉ាក់សាំងនេះនៅពាក់កណ្តាលឆ្នាំក្រោយ៕

អត្ថប​ទ៖ លីនី
ប្រភព៖​ thenational