ក្រុមហ៊ុន Honda Motor និងក្រុមហ៊ុន General Motors បានប្រកាសពីផែនការសហការគ្នាកាន់តែជិតស្និទ្ធថែមទៀត លើការអភិវឌ្ឍ និងផលិតយានយន្ត។ យោងតាមចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃកាយោគយល់គ្នា ក្នុងគោលបំណងកសាងសម្ព័ន្ធភាពយុទ្ធសាស្រ្តនៅអាមេរិកខាងជើង។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន និងអាមេរិកគ្រោងនឹងសហការគ្នាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍផ្នែកផ្គតផ្គង់គ្រឿងបន្លាស់ សេវាកម្មភ្ជាប់អ៉ីនធឺណេត និងការបញ្ជាទិញ។ បន្ថែមពីនេះ រួមបញ្ចូលទាំងការចែករំលែក វេទិកាយានយន្តពាក់ព័ន្ធនឹងម៉ាស៊ីនចំហេះ និងម៉ូទ័រអេឡិចត្រិច ខណៈការងារវិស្វកម្មគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះ បានសហការគ្នាក្នុងការអភិវឌ្ឍយានយន្តអគ្គិសនី ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី មន្ត្រីនៅក្រុមហ៊ុន Honda Motor និយាយថា ពួកគេគ្មានផែនការបង្កើតសម្ព័ន្ធភាពមូលធនជាមួយក្រុមហ៊ុន General Motors ទេ៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


