ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងត្រៀមធ្វើការកាត់បន្ថយបុគ្គលិកចំនួន ១៦,៣៧០ នាក់នៅថ្ងៃទី ១ ខែតុលា ខណៈដែលជំងឺរាតត្បាត Covid-19 បន្តបំផ្លាញឧស្សាហកម្មអាកាសចរណ៍។
United Airlines ដែលមានមូលដ្ឋាននៅទីក្រុង Chicago និងមាននិយោជិកជាង ៩០,០០០ នាក់ បានព្រមានកាលពីខែកក្កដា ថាបុគ្គលិកចំនួន ៣៦,០០០ នាក់ប្រឈមនឹងហានិភ័យនៃការកាត់បន្ថយការងារ ខណៈតម្រូវការធ្វើដំណើរតាមអាកាសនៅតែថយចុះ។ United Airline បានទទួលថវិកាចំនួន ២៥ ពាន់លានដុល្លារជាថវិកាជម្រុញរបស់រដ្ឋាភិបាលអាមេរិកនៅក្នុងខែមីនា ដើម្បីការពារការងាររហូតដល់ខែកញ្ញា នៅពេលដែលឧស្សាហកម្មនេះសង្ឃឹមថានឹងមានការងើបឡើងវិញ។

ទន្ទឹមនឹងនេះ នៅពេលថវិកាសង្គ្រោះបានអស់ដោយគ្មានការស្តារការធ្វើដំណើរមកវិញ ក្រុមហ៊ុនអាកាសចរណ៍ និងសហជីពបានស្នើរសុំជំនួយ ២៥ ពាន់លានដុល្លារបន្ថែមទៀត ប៉ុន្តែការពិភាក្សាដើម្បីអនុម័តតាមការស្នើសុំនេះបានជាប់គាំង នៅពេលដែលសភាបានកំពុងពិភាក្សាគ្នាអំពីគម្រោងកញ្ចប់ថវិកាជំនួយសរុប ដើម្បីទប់ស្កាត់ជំងឺ Covid-19 ។ United Airlines នៅតែខាតបង់ជារួមរហូតដល់ជាង ៥ ពាន់លានដុល្លារក្នុងមួយខែ ខណៈដែលយន្តហោះ ៣០% នៅតែមិនធ្វើសកម្មភាព។ តម្រូវការធ្វើដំណើររបស់អ្នកដំណើរមានការធ្លាក់ចុះប្រហែល ៧០% ហើយជាមធ្យមយន្តហោះដែលកំពុងហោះហើរមានចំនួនពាក់កណ្តាល។

គួរឱ្យដឹងផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋបាលរបស់លោកនឹងជួយក្រុមហ៊ុនអាកាសចរណ៍អាមេរិក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ សភាក៏បានយល់ព្រមផ្តល់ប្រាក់កម្ចី ២៥,៥ លានដុល្លារផ្សេងទៀតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្រោមកញ្ចប់ជម្រុញលើកទី១ ប៉ុន្តែមិនមែនក្រុមហ៊ុនអាកាសចរណ៍ទាំងអស់សុទ្ធតែទទួលបានថវិកានោះទេ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


