TikTok អាចនឹងមិនត្រូវបានលក់ទៅឲ្យ Microsoft ឬ ក្រុមហ៊ុនអាមេរិកណាមួយឡើយ បើសិនចិនអនុវត្តបែបនេះ
អាជីវកម្ម August 31, 2020 Chan Sreyny

ការរឹតបន្តឹងថ្មីដ៏តឹងតែងដោយប្រទេសចិនទៅលើការនាំចេញបច្ចេកវិទ្យាអាចនឹងបញ្ឈប់ការលក់ប្រតិបត្តិការកម្មវិធីចែកចាយវិដេអូ TikTok ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន។ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យម្ចាស់ប្រតិបត្តិការ TikTok លក់ប្រតិបត្តិការនៅអាមេរិកឲ្យទៅក្រុមហ៊ុនអាមេរិកណមួយ ក្រោមហេតុផលថា TikTok គឺជាការគំរាមកំហែងជាតិ ព្រោះវាអាចចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិន។

យ៉ាងណាមិញកាលពីថ្ងៃសុក្រន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្មចិន ជាមួយក្រសួងវិទ្យាស្ថាស្រ្តនិងបច្ចេកវិទ្យាបានចេញផ្សាយរួមគ្នានូវកាតាឡុកបច្ចេកវិទ្យាដែលត្រូវបានកែសំរួលដែលជាកម្មវត្ថុនៃការហាមឃាត់ការនាំចេញ ឬការដាក់កម្រិត ដែលក្នុងនោះរួមបញ្ចូលទាំងបច្ចេកវិទ្យា AI ដែលប្រើក្នុងកម្មវិធី TikTok ។

ដោយឡែកទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា ចាំបាច់ត្រូវមានការវិភាគដោយប្រុងប្រយ័ត្ន ដើម្បីដឹងថាតើការចរចារការលក់គួរតែបញ្ឈប់ ឬ យ៉ាងណា។ ខណៈសារព័ត៌មាននេះបានដកស្រង់សម្ដីអ្នកជំនាញជនជាតិចិនដែលបានចង្អុលបង្ហាញថា ByteDance កាន់កាប់បច្ចេកវិទ្យា AI និងបច្ចេកវិទ្យាវិភាគទិន្នន័យដែលអាចជាកម្មវត្ថុនៃការរឹតត្បិតថ្មី។

ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយចិនមួយផ្សេងទៀតបានរាយការណ៍ថា ByteDance បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងគោរពយ៉ាងតឹងរឹងនូវច្បាប់ដែលបានកែសំរួលថ្មីនេះ។ ស្របពេលដែលក្រុមហ៊ុន Microsoft ស្ថិតក្នងចំណោមក្រុមហ៊ុនដែលបានផ្ដល់សិទ្ធិពីរដ្ឋាភិបាលអាមេរិកក្នុងការទិញ TikTok ៕​

អត្ថបទ៖ លីនី
ប្រភព៖ nhk