ក្រុមហ៊ុនអាកាសចរណ៍ Thai Airways របស់ថៃត្រៀមដឹកភ្ញៀវទេសចរបរទេស សម្រាប់ជើងហោះហើរពិសេសពីប្រទេសចំនួន ៦
អាជីវកម្ម August 28, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc (THAI) បានត្រៀមខ្លួនរួចជាស្រេច​ ក្នុងការរៀបចំជើងហោះហើរពិសេសផ្ទាល់ពីប្រទេសចំនួន ៦ និងទឹកដីទៅកាន់ភូកេត ក្រោមផែនការរបស់រដ្ឋាភិបាលថៃក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវវិស័យទេសចរណ៍ នេះបើយោងតាមប្រធានស្តីទីរបស់ THAI លោក Chansin Treenuchagron ។

ប្រទេស និងទឹកដីចំនួន ៦ រួមមាន៖ ដាណឺម៉ាក អាល្លឺម៉ង់ អង់គ្លេស សាធារណរដ្ឋកូរ៉េ ជប៉ុន និងហុងកុង (ចិន)។ លោក Chansin Treenuchagron បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នេះអាចធ្វើការហោះហើរចំនួន ២ ជើងក្នុងមួយខែនៅតាមផ្លូវនីមួយៗ។ ក្រុមហ៊ុន THAI រំពឹងថា នឹងចាប់ផ្តើមជើងហោះហើរពិសេសទាំងនេះនៅចុងខែវិច្ឆិកា។ លោក Chansin បន្តថា ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបង្កើនជើងហោះហើរនៅលើផ្លូវទាំងនេះប្រសិនបើតម្រូវការកើនឡើង។

ទន្ទឹមនឹងនេះ លោករំពឹងថា នឹងបង្កើតជើងហោះហើរពិសេសពីប្រទេសចិនទៅភូកេត។ ក្រុមហ៊ុន THAI បានភ្ជាប់សេវាកម្មសំខាន់បំផុតដល់សន្តិសុខ និងសុខភាពរបស់អ្នកដំណើរនៅលើផ្លូវទាំងអស់នេះ។ គួរឱ្យដឹងផងថា អាជីវកម្មទេសចរណ៍នៅប្រទេសថៃ បានស្នើសុំឱ្យរដ្ឋាភិបាលបើកប្រទេសដល់ក្រុមជនបរទេសមួយចំនួន ដើម្បីជួយជម្រុញវិស័យដែលកំពុងរងគ្រោះពីផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus