ក្រុមហ៊ុនអាកាសចរណ៍ AirAsia X បាននិយាយថា ខ្លួនត្រូវការការគាំទ្រពីម្ចាស់បំណុល នៅពេលដែលការខាតបង់កាន់តែជ្រៅទៅៗ ដោយសារការរីការាលដាលនៃជំងឺរាតត្បាត Covid-19 ។
ក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៣០៥.២ លានរីងហ្គីត (៧៣.២ លានដុល្លារអាមេរិក) សម្រាប់ត្រីមាសខែមេសា ដល់ខែមិថុនា បើធៀបនឹងនឹងឆ្នាំមុនមានការខាតបង់សុទ្ធចំនួន ២០៧.១ លានរីងហ្គីត។ ប្រាក់ចំណូលបានធ្លាក់ចុះ ៩១.៤ លានរីងហ្គីតស្មើនឹង ៩១% ។ ក្រុមហ៊ុន AirAsia X បាននិយាយថា ខ្លួនបន្តប្រឈមនឹងឧបសគ្គសាច់ប្រាក់ងាយរងគ្រោះ និងស្វែងរកការពន្យារពេលការទូទាត់ និងសម្បទានពីអ្នកផ្គត់ផ្គង់ អ្នកជួល និងអ្នកអោយខ្ចីដោយនឹងអនុវត្តការកាត់បន្ថយប្រាក់ខែបន្ថែមទៀតនៅខែក្រោយ។

AirAsia X បានបន្តថា សមត្ថភាពរបស់ខ្លួនក្នុងការបន្តធ្វើអាជីវកម្ម គឺពឹងផ្អែកទៅលើការបន្តជើងហោះហើរដែលបានគ្រោងទុកនៅដើមឆ្នាំ ២០២១ និងការវិលត្រឡប់ទៅរកប្រាក់ចំណេញវិញ ដោយផ្អែកទៅលើការគាំទ្រពីអ្នកជួលយន្តហោះ ក្រុមហ៊ុនសេវាកម្មថែទាំ និងស្ថាប័នហិរញ្ញវត្ថុ។ AirAsia Group ក៏បានរាយការណ៍អំពីការខាតបង់ប្រចាំត្រីមាសធំបំផុតរបស់ខ្លួនកាលពីថ្ងៃទី ២៥ ខែសីហាផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះបាននិយាយថា អាជីវកម្មអាកាសចរណ៍ទាំងមូលរបស់ខ្លួនមានស្ថេរភាពក្នុងត្រីមាសនេះ ដែលគាំទ្រយ៉ាងសំខាន់ដោយសេវាកម្មក្នុងស្រុកដែលដាច់ដោយឡែកពី AirAsia X ។

លើសពីនេះទៅទៀត AirAsia X បាននិយាយថា នៅក្នុងភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្នជុំវិញការដកការរឹតត្បិតព្រំដែន ត្រូវបានបញ្ឈប់ការលក់សំបុត្រសម្រាប់កាលបរិច្ឆេទធ្វើដំណើរនាពេលអនាគត។ គួរឱ្យដឹងផងដែរថា ក្នុងអំឡុងពេលត្រីមាសនេះក្រុមហ៊ុន AirAsia X បានដំណើរការជើងហោះហើរសរុបចំនួន ១៦ ដែលបានគ្រោងទុកបើប្រៀបធៀបទៅនឹងចំនួន ៤,៨២៤ នៅក្នុងត្រីមាសដូចគ្នានៃឆ្នាំ ២០១៩ និងបានដឹកអ្នកដំណើរសរុបចំនួន ២,២៩១ នាក់បើប្រៀបធៀបទៅនឹង ១,៤៥៥,០៥២ នាក់នៅក្នុងត្រីមាសដូចគ្នានៃឆ្នាំ ២០១៩ ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


