កាន់តែធ្ងន់ធ្ងរ ក្រុមហ៊ុនអាកាសចរណ៍ American Airlines ប្រកាសកាត់បន្ថយបុគ្គលិករាប់ម៉ឺននាក់បន្ថែមទៀតខណៈជំងឺ Covid-19 នៅតែបន្តរាតត្បាត
អាជីវកម្ម August 26, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ American Airlines បាននិយាយថា បុគ្គលិករបស់ខ្លួននឹងថយចុះចំនួន ៤០,០០០ នាក់ក្នុងនោះមានការកាត់បន្ថយចំនួន ១៩,០០០ នាក់ដោយមិនស្ម័គ្រចិត្តនៅក្នុងខែតុលា ខណៈដែលជំងឺរាតត្បាត covid-19 នៅតែបន្តរីករាលដាលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែរដ្ឋាភិបាលពង្រីកជំនួយសម្រាប់ប្រាក់ខែបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍។

American Airlines បានទទួលថវិកាចំនួន ២៥ ពាន់លានដុល្លារ នៅក្នុងមូលនិធិជម្រុញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងខែមីនា ដើម្បីផ្ដល់លើប្រាក់ខែ និងការពារការងាររហូតដល់ខែកញ្ញា។ នៅពេលដែលការចំណាយថវិកាអស់ដោយការធ្វើដំណើរមិនមានការងើបឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ និងសហជីពបានស្នើសុំថវិកាចំនួន ២៥ ពាន់លានដុល្លារបន្ថែមទៀត ប៉ុន្តែការពិភាក្សាបានជាប់គាំង។ ការប្រកាសរបស់ American Airlines កើតឡើងនៅពេលការធ្វើអនុសញ្ញាជាតិសាធារណរដ្ឋចំនួន ៤ ថ្ងៃដែលប្រធានាធិបតីសរដ្ឋអាមេរិកព្យាយាមស្តារសន្ទុះឡើងវិញ ប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតដែលបានសម្លាប់ជនជាតិអាមេរិកជាង ១៧៥,០០០ នាក់ និងធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចដែលបណ្តាលឱ្យបាត់បង់ការងាររាប់លាន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍នេះ បានអះអាងថាឧស្សាហកម្មនេះចាំបាច់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចឆាប់រហ័ស។ ការកាត់បន្ថយការងារដែល American Airlines ​គ្រោងធ្វើរួមមាន៖ កម្មករចំនួន ១៧,៥០០ នាក់ក្នុងនោះរាប់បញ្ចូលទាំងអ្នកបើកយន្តហោះ ១,៦០០ នាក់និងអ្នកបម្រើតាមយន្តហោះ ៨,១០០ នាក់ និងមុខតំណែងគ្រប់គ្រងចំនួន ១,៥០០ នាក់។

ផ្អែកលើកម្រិតតម្រូវការបច្ចុប្បន្ន American Airlines បាននិយាយថា ឥឡូវនេះខ្លួនមានគម្រោងហោះហើរតិចជាង ៥០% នៃកាលវិភាគធម្មតារបស់ខ្លួននៅក្នុងត្រីមាសទី៤ ដោយការហោះហើរអន្តរជាតិបានកាត់បន្ថយមកត្រឹម ១/៤ នៃកម្រិតឆ្នាំ ២០១៩ ។ American Airlines បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងផ្អាកជើងហោះហើរទៅកាន់ទីក្រុងតូចៗចំនួន ១៥ នៅសហរដ្ឋអាមេរិកក្នុងខែតុលា ដោយមិនមានជំនួយពីសហព័ន្ធទៀតទេ៕

អត្ថបទ៖ នីតា
ប្រភព៖ reuters