ការរាតត្បាតរបស់វីរុស Covid-19 កំពុងជំរុញឲ្យមានកំណើនកំណត់ត្រានៅក្រុមហ៊ុន Amazon, Walmart និង Target និងពង្រឹងការគ្រប់គ្រងរបស់ពួកគេលើវិស័យលក់រាយរបស់អាមេរិកសម្រាប់ឆ្នាំខាងមុខ។ ខណៈមនុស្សប្រមាណ ២៣ លាននាក់បានឆ្លងវីរុស Covid-19 ដែលកំពុងរាតត្បាតពាសពេញពិភពលោក និងអាជីវកម្មរាប់ពាន់កន្លែងបានបិទទ្វារ។
កំពូលអ្នកលក់រាយទាំង ៣ បានរាយកាណ៍ពីការលក់យ៉ាងខ្លាំងក្លានៅត្រីមាសទី២ ដោយការលក់ឌីជីថលរបស់ក្រុមហ៊ុន Walmart បានកើនឡើងជិតទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈក្រុមហ៊ុន Target
កើនឡើងជិត ៣ដង។ ជាមួយគ្នានេះការលក់នៅក្នុងហាងតែមួយរបស់ Walmart បានកើនឡើង ៩% និងការលក់របស់ Target កើនឡើង ១០.៩% ចំណែកការលក់សរុបរបស់ក្រុមហ៊ុន Amazon បានកើនឡើង ៤០% នៅក្នុងត្រីមាសនោះ។

ការកើនឡើងយ៉ាងខ្លាំងរបស់ក្រុមហ៊ុនទាំងនេះ បានជំនះនឹងការរីករាលដាលនៃវីរុស និងការផ្លាស់ប្ដូរដែលមិនធ្លាប់មានពីមុនមកនៅក្នុងឧស្សាហកម្មលក់រាយរបស់សហរដ្ឋអាមេរិក។ ខណៈក្រុមហ៊ុនលក់រាយធំៗ រាប់សិបក្រុមហ៊ុនបានដាក់ពាក្យក្ស័យធន រហូតមកដល់ពេលពេលនេះរួមមាន J. Crew, Neiman Marcus, JCPenney, Brooks Brothers និង Tailored Brands ដែលជាម្ចាស់ហាងសំលៀកបំពាក់បុរស និង Jos A.Bank ។ ជាមួយគ្នានេះ អ្នកលក់រាយដែលបានប្រកាសពីផែនការបិទហាងមានចំនួនជាង ៦,៣០០ កន្លែងនៅឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរ អ្នកលក់រាយជាច្រើនទៀតបាននិងកំពុងតស៊ូនឹងរោគរាតត្បាតដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពួកគេ ដោយវីរុសនេះបានពន្លឿនការក្ស័យធនក្នុងល្បឿនលឿនបំផុត ស្របពេលដែលក្រុមហ៊ុនលក់រាយដែលលក់ដាច់បំផុតនៅអាមេរិកកំពុងតែរីកលូតលាស់ចំពេលមានវិបត្តិសុខភាពពិភពលោក។
នៅពេលដែលហាងរាប់ពាន់ត្រូវបានបិទនៅទូទាំងប្រទេសនៅពេលចាប់ផ្តើមរាតត្បាត ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart និង Target ស្ថិតនៅក្នុងចំណោមហាងលក់រាយដែលត្រូវបានគេចាត់ទុកថាចាំបាច់ ហើយដូច្នេះអាចបន្តប្រតិបត្តិការបានយ៉ាងរលូន។ នេះមានន័យថាពួកគេទទួលបានអត្ថប្រយោជន៍ពីការទិញសម្រាប់ស្តុកទុកធំៗ ជាច្រើនសប្តាហ៍ដោយសារតែអតិថិជនបានស្តុកទុកទំនិញដូចជា ក្រដាស ម្ហូបអាហារ ផលិតផលសម្អាតនិងរបស់ជាច្រើនទៀត៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider


