ចំនួនសហគ្រាស និងអាជីវកម្មនៅវៀតណាមដែលបានផ្អាក និងបិទទ្វារជាអចិន្រ្តៃយ៍កំពុងកើនឡើងយ៉ាងគំហុក
អាជីវកម្ម August 11, 2020 Chan Sreyny

យោងតាមក្រសួងផែនការ និងវិនិយោគបានរាយការណ៍ថា ក្រុមហ៊ុនជិត ៦៣,៥០០ បានបិទអាជីវកម្មរហូតមកដល់ពេលនេះ ហើយការបិទនេះបានកើនឡើង ១១% ធៀបទៅនឹងឆ្នាំមុន។ នាយកដ្ឋានគ្រប់គ្រងការចុះបញ្ជីអាជីវកម្មរបស់ក្រសួងបាននិយាយថា អាជីវកម្មប្រមាណ ៣៣,០០០ ក្នុងចំណោមអាជីវកម្មទាំងអស់បានដាក់ពាក្យស្នើសុំដើម្បីបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្ន ដែលបង្ហាញពីការកើនឡើង ៤០% និងជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៥។

ក្នុងនោះផងដែរ អាជីវកម្មដែលត្រូវបានបិទ និងផ្អាក ភាគច្រើនគឺជាអាជីវកម្មតូចៗ ដែលមានដើមទុនតិចជាង ១០ ពាន់លានដុង (៤៣០,៦០០ ​​ដុល្លារ) ហើយបានដំណើរការអស់រយៈពេល ៥ឆ្នាំ។ ជាមួយគ្នានេះដែរ អាជីវកម្មទាំងនោះរួមមាន វិស័យអចលនៈទ្រព្យ កន្លែងកម្សាន្ត កន្លែងស្នាក់នៅ និងកន្លែងលក់អាហារ ដែលមានអត្រាខ្ពស់បំផុត។

លើសពីនេះទៅទៀត អាជីវកម្មចំនួន ៨,៩៤០ បានបិទជាអចិន្រ្តៃយ៍ និង អាជីវកម្ម ២១,៨០០ ទៀតកំពុងរង់ចាំការបញ្ចប់នីតិវិធីបិទជាអចិន្រ្តៃយ៍ ហើយក្នុងនោះអាជវីវកម្មលក់ដុំ និងរាយ កែច្នៃ និងសំណង់មានចំនួនច្រើនជាងគេ​។ គួរបញ្ជាក់ផងដែរថា នៅចន្លោះខែមករា និងខែកក្កដា សហគ្រាសចំនួន ៧៥,០០០ ត្រូវបានបង្កើតថ្មីក្នុងរយៈពេលនោះ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress