ដោយសារការរាតត្បាតនៃជំងឺ Covid-19 ធ្វើឱ្យក្រុមហ៊ុននាំចេញប្រេងដ៏ធំ ​Saudi Aramco របស់អារ៉ាប៊ីសាអូឌីតធ្លាក់ចុះប្រាក់ចំណេញ ៧៣% ក្នុងត្រីមាសទី២
អាជីវកម្ម August 10, 2020 Chan Sreyny

ក្រុមហ៊ុនប្រេងយក្ស Saudi Aramco របស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះប្រាក់ចំណេញ ៧៣% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះដោយសារការធ្លាក់ចុះនៃតម្រូវការថាមពល និងតម្លៃដែលបង្កឡើងដោយជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុននាំចេញប្រេងដ៏ធំជាងគេនៅលើពិភពលោកមួយនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Aramco លោក Amin Nasser បាននិយាយថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃ Covid-19 នៅទូទាំងពិភពលោកបានកាត់បន្ថយតម្រូវការប្រេងឆៅ ឧស្ម័នធម្មជាតិ និងប្រេង។ ប៉ុន្តែក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់នូវផែនការចំណាយ ៧៥ ពាន់លានដុល្លារជាភាគលាភនៅឆ្នាំនេះ។ លោកបន្ថែមថា តម្រូវការប្រេងសកលកំពុងស្ទុះងើបឡើងវិញ ខណៈក្រុមហ៊ុនប្រេងធំៗទាំងអស់ បានបោះជំហានយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២ ដោយសារការទប់ស្កាត់ការឆ្លងជំងឺ Covid-19 បានកាត់បន្ថយការប្រើប្រាស់ប្រេង និងធ្វើឱ្យតម្លៃធ្លាក់ចុះដល់កម្រិតដែលមិនធ្លាប់មានក្នុងរយៈពេលជិត ២ ទសវត្ស។

ទន្ទឹមនឹងនេះ លោក Nasser បានប្រាប់អ្នកយកព័ត៌មានថា លោកបានឃើញការងើបឡើងវិញមួយផ្នែកនៅក្នុងទីផ្សារប្រេង និងការកើនឡើងនូវតម្រូវការនៅពេលដែលសេដ្ឋកិច្ចបានបើកឡើងវិញបន្តិចម្តងៗ បន្ទាប់ពីការបន្ធូរបន្ថយការរឹតត្បិតនៃជំងឺរាតត្បាតនេះ។ លោកបន្ថែមថា « ក្រឡេកទៅមើលប្រទេសចិនតម្រូវការសាំង និងប្រេងម៉ាស៊ូតរបស់ពួកគេគឺជិតដល់កម្រិតមុនពេលមាន Covid-19 ហើយយើងកំពុងមើលឃើញពីទីផ្សារនៅអាស៊ី និងទីផ្សារផ្សេងទៀត ដោយសារប្រទេសនានាកំពុងបន្ធូរបន្ថយការរឹតត្បិត យើងរំពឹងថាតម្រូវការនឹងកើនឡើង »។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Aramco បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធនៅត្រីមាសទី២ បានធ្លាក់ចុះ ៧៣.៤% ដែលជាការធ្លាក់ចុះខ្លាំងជាងអ្នកវិភាគ ដែលបានព្យាករណ៍ហើយខ្លួនរំពឹងថា ការចំណាយមូលធនសម្រាប់ឆ្នាំ ២០២០ នឹងស្ថិតនៅចន្លោះពី ២៥ ទៅ ៣០ ពាន់លានដុល្លារ៕

អត្ថបទ៖ នីតា
ប្រភព៖ reuters