បុគ្គលិករបស់ British Airways រាប់ពាន់នាក់នឹងត្រូវបាត់បង់ការងារ ខណៈក្រុមហ៊ុនអាកាសចរណ៍មួយនេះជម្រុញផែនការកាត់បន្ថយបុគ្គលិក ២៩% ដើម្បីទប់ទល់នឹង Covid-19
អាជីវកម្ម August 8, 2020 Chan Sreyny

បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways រាប់ពាន់នាក់នឹងត្រូវបានបាត់បង់ការងាររបស់ពួកគេនៅថ្ងៃទី ៧ ខែសីហា ខណៈក្រុមហ៊ុនអាកាសចរណ៍មួយនេះជម្រុញផែនការកាត់បន្ថយចំនួនបុគ្គលិក ២៩% ។

British Airways ដែលគ្រប់គ្រងដោយ IAG បាននិយាយកាលពីខែមេសា ថាខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ១២,០០០ នាក់ក្នុងចំណោមបុគ្គលិក ៤២,០០០ នាក់ដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19 ។ ប៉ុន្តែផែនការនេះ នៅតែទទួលរងការខាតបង់​ ហើយក្រុមហ៊ុននឹងបន្តប្រយុទ្ធប្រឆាំងចំពោះការកាត់បន្ថយប្រាក់ឈ្នួលសម្រាប់បុគ្គលិកដែលមានស្រាប់។ British Airways បាននិយាយកាលពីពេលថ្មីៗនេះថា បុគ្គលិកចំនួន ៦,០០០ នាក់បានសម្រេចចិត្តទទួលយកការលែងត្រូវការតទៅទៀត ខណៈដែលបុគ្គលិករាប់ពាន់នាក់ផ្សេងទៀត នឹងទទួលបានលិខិតមួយនៅថ្ងៃខាងមុខដើម្បីប្រាប់ថាពួកគេបានបញ្ឈប់ការងារ ឬក៏បន្ត។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់ British Airways ក៏បាននិយាយដែរថា « យើងត្រូវធ្វើការសម្រេចចិត្តដ៏ពិបាក និងចាត់វិធានការដែលអាចធ្វើបានទាំងអស់ឥឡូវនេះ ដើម្បីការពារការងារឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន »។ គួរបញ្ជាក់ផងដែរថា British Airways បច្ចុប្បន្នកំពុងបន្តការហោះហើរត្រឹមតែ ២០% នៃកាលវិភាគធម្មតារបស់ខ្លួន ហើយបានខាតបង់ទឹកប្រាក់ ២៦ លានដុល្លារក្នុងមួយថ្ងៃ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia