សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនកំពុងពិចារណាកាត់បន្ថយបុគ្គលិករបស់ពួកគេ ក្នុងរយៈពេល ១២ ខែបន្ទាប់ទៀតដោយសារតែវិបត្តិនៃជំងឺ Covid-19 ។
IATA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការស្ទង់មតិអាជីវកម្មប្រចាំត្រីមាសរបស់ក្រុមហ៊ុនអាកាសចរណ៍ជាង ៣០០ កាលពីថ្ងៃទី ៥ ខែសីហាថា « ជាមួយនឹងការងើបឡើងវិញនូវតម្រូវការនៃការធ្វើដំណើរតាមអាកាសទំនងជាយឺត ដោយ ៥៥% នៃអ្នកឆ្លើយតបរំពឹងថានឹងមានការថយចុះកម្រិតការងារក្នុងរយៈពេល ១២ ខែខាងមុខនេះ »។ ប្រហែល ៤៥% នៃក្រុមហ៊ុនអាកាសចរណ៍បានរាយការណ៍ថា ពួកគេបានកាត់បន្ថយចំនួនបុគ្គលិករបស់ពួកគេរួចហើយនៅត្រីមាសទី២ នៃឆ្នាំ ២០២០ ដោយសារវិធានការណ៍កាត់បន្ថយថ្លៃដើមបន្ទាប់ពីមានជំងឺរាតត្បាតរ៉ាំរ៉ៃ។

ទន្ទឹមនឹងនេះ ៥៧% នៃក្រុមហ៊ុនអាកាសចរណ៍រំពឹងថា ទិន្នផលអ្នកដំណើរនឹងធ្លាក់ចុះក្នុងរយៈពេល ១២ ខែទៀតហើយពួកគេគិតថាតម្លៃសំបុត្រអាចនឹងធ្លាក់ចុះដោយសារតែការធ្លាក់ចុះនៃតម្រូវការ និងប្រហែល ១៩% រំពឹងថានឹងមានការកើនឡើងបន្តិចម្តងៗ នៅពេលដែលតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការត្រូវបានស្តារឡើងវិញ។ IATA រំពឹងថា ចរាចរណ៍ផ្លូវអាកាសនឹងវិលត្រឡប់មករកកម្រិតមុនវិបត្តិនៃជំងឺរាតត្បាតនៅឆ្នាំ ២០២៤ និងប៉ាន់ស្មានថាការចរាចរណ៍នឹងធ្លាក់ចុះ ៦៣% នៅឆ្នាំ ២០២០ បើធៀបនឹងឆ្នាំ ២០១៩ ដោយមានកង្វះខាតចំនួន ៤១៩ ពាន់លានដុល្លារនៅក្នុងវិស័យនេះដោយសារតែវិបត្ដិនៃមេរោគនេះ។

លើសពីនេះទៅទៀតអឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មករកកម្រិតចរាចរណ៍វិញនៅឆ្នាំ ២០១៩ ខណៈដែលអាមេរិកត្រូវបានគេរំពឹងថា នឹងមានការស្ទុះងើបឡើងវិញយឺតជាង នេះបើយោងតាម IATA ។ វិស័យអាកាសចរណ៍បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវិបត្តិនេះខណៈយន្តហោះស្ទើរតែទាំងអស់មិនត្រូវបានហោះហើរ ហើយការងាររាប់ពាន់ត្រូវបានបាត់បង់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United បានប្រកាសថាខ្លួនអាចបញ្ឈប់បុគ្គលិករហូតដល់ទៅ ៣៦,០០០ នាក់ ដោយក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានលើកឡើងពីតួលេខនៃការលែងត្រូវការតទៅទៀតចំនួន ២៥,០០០ នាក់។ ក្រុមហ៊ុន Lufthansa របស់អាល្លឺម៉ង់ចង់កាត់បន្ថយការងារចំនួន ២២,០០០នាក់ Air Canada ២០,០០០នាក់ British Airways ១២,០០០នាក់ Air France-KLM ១២,៥០០នាក់ Australia’s Qantas ៦,០០០នាក់ Scandinavia SAS ៥,០០០នាក់ និងអង់គ្លេស EasyJet ៤,៥០០នាក់៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


