ក្រៅពីក្រុមហ៊ុនជប៉ុន ក្រុមហ៊ុន Samsung Electronics ចង់ផ្លាស់ប្ដូរផលិតកម្មរបស់ខ្លួនទៅរោងចក្រដែលមានស្រាប់នៅប្រទេសវៀតណាម
អាជីវកម្ម August 6, 2020 Chan Sreyny

ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង Samsung Electronics ចង់ផ្លាស់ប្ដូរផលិតកម្មរបស់ខ្លួនទៅរោងចក្រដែលមានស្រាប់មួយនៅប្រទេសវៀតណាម ដោយ Suzhou Computer ជាអង្គភាពមួយនៃក្រុមហ៊ុន Samsung Electronics ដែលបានដំណើរការរោងចក្រនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០០២ ជាមជ្ឈមណ្ឌលដំឡើងកុំព្យូទ័រ។ កុំព្យូទ័រដែលផលិតនៅរោងចក្រត្រូវបានលក់ភាគច្រើននៅសាធារណរដ្ឋកូរ៉េ អាមេរិកខាងជើង និងចិន។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Samsung ធ្លាប់បាន​ប្រតិបត្តិការរោងចក្រផលិតស្មាតហ្វូនចំនួន ៣ នៅក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះបានបិទផលិតកម្មចិនទាំងអស់នៅចុងឆ្នាំ ២០១៩ ។ យ៉ាងណាមិញក្រៅពីក្រុមហ៊ុនរបស់កូរ៉េខាងត្បូង យោងតាមអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានចេញបញ្ជីឈ្មោះក្រុមហ៊ុនជប៉ុនចំនួន ៣០ ដែលត្រៀមទទួលការឧបត្ថម្ភធនពីរដ្ឋាភិបាលរបស់ខ្លួនដើម្បីផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិនទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ក្នុងនោះពាក់កណ្តាលនៃបញ្ជីនេះកំពុងសម្លឹងមើលប្រទេសវៀតណាម ដែលជាទិសដៅអាទិភាព ដោយក្រុមហ៊ុនចំនួន ៩ គឺសហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងសហគ្រាសខ្នាតធំចំនួន ៦។ ជាមួយគ្នានេះដែរ ភាគច្រើននៃក្រុមហ៊ុនជប៉ុនដែលចង់ផ្លាស់ទៅប្រទេសវៀតណាមគឺនៅក្នុងវិស័យឧបករណ៍វេជ្ជសាស្ត្រ បន្ថែមពីលើអ្នកផលិតឧបករណ៍អេឡិចត្រូនិក ទូរស័ព្ទនិងគ្រឿងបន្លាស់ និងម៉ាស៊ីនត្រជាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vietnaminsider