អាកាសយានដ្ឋានអន្តរជាតិ Incheon (IIAC) របស់ប្រទេសកូរ៉េខាងត្បូងកំពុងពិចារណាដំឡើងថ្លៃសេវាដឹកអ្នកដំណើរ (PSC) ឬហៅថាពន្ធអាកាសយន្តដ្ឋាន និងឱ្យបុគ្គលិកខ្លួនទទួលយកការឈប់សម្រាកប្រចាំឆ្នាំ (Leave of absence) ខណៈ IIAC គ្រោងនឹងប្រកាសអំពីការខាតបង់ប្រចាំឆ្នាំដំបូងរបស់ខ្លួនក្នុងរយៈពេល ១៧ឆ្នាំ ដោយសារតែការធ្លាក់ចុះនៃការធ្វើដំណើរតាមផ្លូវអាកាសនៅពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 ។
យោងតាមសារព័ត៌មាន Pulse បានរាយការណ៍ថា IIAC ត្រូវបានរំពឹងថា នឹងរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៣២៤.៤ ពាន់លានវ៉ុន (ជាង ២៧១ លានដុល្លារ) ក្នុងឆ្នាំ ២០២០ លើការលក់សរុបជាង ១ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ៥៥% បើធៀបនឹងឆ្នាំ២០១៩។ នេះជាលើកទី១ ហើយសម្រាប់ប្រតិបត្តិករច្រកចេញចូលដ៏សំខាន់របស់កូរ៉េខាងត្បូង ក្នុងកំណត់ហេតុនៃការបាត់បង់ប្រាក់ចំណូលក្នុងរយៈពេល ១៧ ឆ្នាំ។ ការបាត់បង់នេះត្រូវបានគេរំពឹងថា នឹងទទួលបានប្រាក់ចំណូលស្មើកម្រិតឆ្នាំ២០១៩ ត្រឹមឆ្នាំ២០២៤ ខណៈដែលទទួលបានមកវិញ ៦០% នៃប្រាក់ចំណេញសុទ្ធកាលពីឆ្នាំមុន។

យោងតាមឯកសារ បំណុលរបស់ IIAC ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ធៀបនឹងឆ្នាំ ២០១៩ ដោយអនុបាតបំណុលកើនឡើងពី ៣១% ទៅ ៨៦% ក្នុងរយៈពេលដូចគ្នា។ IIAC បាននិយាយថា កំពុងពិភាក្សាអំពីផែនការដំឡើងពន្ធអាកាសយានដ្ឋានអន្តរជាតិនៅឆ្នាំក្រោយចំនួន ២.៥១ ដុល្លារបន្ថែមពីលើ ១៤.២៤ ដុល្លារនាពេលបច្ចុប្បន្ន។ IIAC ប៉ាន់ប្រមាណថា ការដំឡើងថ្លៃសេវាកម្មអ្នកដំណើរ ២.៥១ ដុល្លារនឹងនាំមកនូវប្រាក់ចំណេញជាង ២៨៤ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំរហូតដល់ឆ្នាំ ២០២៤ ។

ពន្ធអាកាសយានដ្ឋានត្រូវបានរាប់បញ្ចូលក្នុងតម្លៃសំបុត្រហោះហើររួមជាមួយថ្លៃឥន្ធនៈ ដោយការដំឡើងពន្ធអាកាសយានដ្ឋានមានន័យថា ថ្លៃសំបុត្រយន្តហោះកាន់តែខ្ពស់។ នាពេលបច្ចុប្បន្ន អ្នកដំណើរដែលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Incheon ត្រូវបានគិតថ្លៃ ២៣.៤៦ ដុល្លារក្នុងការបង់ថ្លៃព្រលានយន្តហោះរួមមាន៖ ពន្ធអាកាសយានដ្ឋាន ១៤.២៥ ដុល្លារ ការទូទាត់ការធ្វើដំណើរ ៨.៣៨ ដុល្លារ និងមូលនិធិលុបបំបាត់ជំងឺអន្តរជាតិ ០.៨៤ ដុល្លារ។

តាមផែនការបន្ទាន់ ដើម្បីកាត់បន្ថយការខាតបង់ដែលរំពឹងទុកនៅឆ្នាំនេះ IIAC កំពុងព្យាយាមកាត់បន្ថយចំណាយលើអាជីវកម្ម និងថ្លៃដើមពលកម្ម។ IIAC រំពឹងថា នឹងសន្សំប្រាក់បានរហូតដល់ជាង ១០ លានដុល្លារ ដោយបញ្ជូននិយោជិកនូវការឈប់សម្រាក ១ ខែដោយកាត់បន្ថយប្រាក់ឈ្នួល កាត់បន្ថយចំណាយអាជីវកម្មដែលមិនចាំបាច់ និងកាត់បន្ថយចំណាយមូលដ្ឋានដូចជា សម្រាប់ការប្រជុំ។

ប៉ុន្តែការដំឡើងពន្ធលើអាកាសយានដ្ឋានបានបង្កឱ្យមានភាពចម្រូងចម្រាសរួចទៅហើយ បន្ទាប់ពីការខាតបង់ដែលបណ្តាលមកពីការធ្លាក់ចុះនៃចំនួនអ្នកធ្វើដំណើរ ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ។ ទោះបីជាមានការខាតបង់បែបនេះក្តី នាពេលថ្មីៗនេះប្រតិបត្តិករអាកាសយានដ្ឋានបានសម្រេចផ្តល់ប្រាក់ឈ្នួលដល់កម្មករចំនួន ២,០០០ នាក់ជាបុគ្គលិកពេញម៉ោងនៅក្នុងឆ្នាំនេះ ដែលធ្វើឱ្យមានការរិះគន់ជុំវិញការផ្លាស់ប្តូររបស់ក្រុមហ៊ុន ដើម្បីគ្របដណ្តប់លើការបាត់បង់ដោយលះបង់បុគ្គលិកដែលមានស្រាប់ និងបង្កើនបន្ទុកសាធារណៈ៕
អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


