វៀតណាមបិទការផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មីដល់ឆ្នាំ២០២២ ដើម្បីជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដែលមានស្រាប់
អាជីវកម្ម July 21, 2020 Chan Sreyny

រដ្ឋាភិបាលវៀតណាមបានយល់ព្រមតាមសំណើរបស់ក្រសួងដឹកជញ្ជូមិនឲ្យផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដឹកជញ្ជុនថ្មីរហូតដល់ឆ្នាំ២០២២ នៅពេលដែលទីផ្សារអាកាសចរណ៍ក្នុងស្រុកត្រូវបានគេរំពឹងថានឹងងើបឡើងវិញ។ ការដាក់ចេញសំណើនេះ ការិយាល័យរដ្ឋាភិបាលបានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានយល់ព្រមលើសំណើ ដែលជាគោលការណ៍ជាមួយនឹងការព្យួរជាបណ្ដោះអាសន្នដូចដែលក្រសួងដឹកជញ្ជូនបានស្នើកាលពីពាក់កណ្ដាលខែឧសភា។

ចំពោះហេតុផលនៃការស្នើសុំនេះ គឺដោយសារតែក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដែលមានស្រាប់បានទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺរាតត្បាត Covid-19 ហើយក្រុមហ៊ុនទាំងនោះនឹងត្រូវការពេលយ៉ាងហោចណាស់ពីរឆ្នាំ ដើម្បីឲ្យទីផ្សារអាកាសចរណ៍ងើបឡើងវិញដល់កម្រិតក្នុងឆ្នាំ ២០១៩។ ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងទទួលខុសត្រូវលើអនុសាសន៍របស់ខ្លួនក្នុងការធានាការអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍។

នៅក្នុងសំណើរបស់ខ្លួនក្រសួងបានប៉ាន់ស្មានថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសវៀតណាមអាចបម្រើអ្នកដំណើរបានចំនួន ៤២.៧ លាននាក់នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះ ៤៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកត្រូវបានគេរំពឹងថានឹងបម្រើអ្នកដំណើរ ៣២.៦ នាក់ធ្លាក់ចុះ ៤០%។ ក្រសួងដឹកជញ្ជូនបាននិយាយថា ក្រោមសេណារីយ៉ូដែលមានសុទិដ្ឋិនិយមបំផុតទីផ្សារអាកាសចរណ៍របស់ប្រទេសវៀតណាមនឹងងើបឡើងវិញដើម្បីឈានដល់តួលេខឆ្នាំ ២០១៩ បន្ទាប់ពីរយៈពេលពីរឆ្នាំ។

ក្រសួងបានបន្តថា ឥឡូវនេះចាំបាច់ត្រូវផ្តោតលើការគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ដែលមានស្រាប់ ដើម្បីជំនះការលំបាកដែលបង្កឡើងដោយវិបត្តិ Covid-19។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រទេសវៀតណាមមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥ ដែលកំពុងប្រតិបត្តិការរួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines, Jetstar Pacific, Vietjet Air, Vietnam Air Services Company (VASCO) និង Bamboo Airways។ ទន្ទឹមនឹងនេះអាកាសយានដ្ឋាននៅទូទាំងប្រទេសវៀតណាមបានបម្រើអ្នកដំណើរជិត ១១៦ លាននាក់កាលពីឆ្នាំមុនដែលកើនឡើង ១២% ធៀបនឹងឆ្នាំ២០១៨ ដោយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ជាក្រុមហ៊ុនកំពូលលើទីផ្សារនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress