លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia បាននិយាយកាលពីថ្ងៃពុធនេះថា AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបមួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលៗនៅអាស៊ីជឿជាក់ថា ក្រុមហ៊ុនអាចងើបឡើងទៅរកប្រាក់ចំណេញវិញនៅឆ្នាំក្រោយនេះ។ ប្រាប់ទៅកាន់ទូរទស្សន៍ CNBC លោក Fernandes បាននិយាយថា៖ « ការជឿជាក់នេះស្ដាប់ទៅដូចជាការអួត ឬ អំនួតពេក ប៉ុន្តែវាគួរឲ្យជឿជាក់ណាស់ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចជាច្រើនពីមុនមក »។
នាយកប្រតិបត្តិរូបនេះ បានពន្យល់ថា រដ្ឋាភិបាលនៅអាស៊ីបានកាន់តែមានភាពឆ្លាតវៃខ្លាំងទៅៗ ក្នុងការដោះស្រាយចំពោះការផ្ទុះឡើងនៃវីរុស Covid-19។ ហើយភាពឆ្លាតវៃ និងយុទ្ធសាស្រ្តល្អៗទាំងនោះនឹងជួយឧស្សាហកម្មអាកាសចរណ៍ក្នុងតំបន់ដើម្បីស្តារឡើងវិញតាមមធ្យោបាយដែលយូរងង្វែង។

គួរបញ្ជាក់ផងដែរថា ដោយសារវិធានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសដែលរួមមាន ការបិទព្រំដែន និងការរឹតត្បិតចលនា បានធ្វើឱ្យតម្រូវការធ្វើដំណើរតាមផ្លូវអាកាសត្រូវបញ្ឈប់ភ្លាមៗ។ ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោកបានជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដោយមនុស្សជាច្រើនត្រូវកាត់បន្ថយការងារ ហើយងាកទៅរកជំនួយរបស់រដ្ឋាភិបាលដើម្បីរក្សាអាជីវកម្មរបស់ពួកគេ។

ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីគឺមិនខុសគ្នាពីក្រុមហ៊ុនដទៃទេ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបកាលពីដើមខែនេះ បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៨០៣.៨ លានរីងហ្គីត (១៨៨.៤ លានដុល្លារ) នៅក្នុងត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមីនា។ នោះគឺជាការខាតបង់នៅត្រីមាសទីមួយ ដ៏ធំបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ចាប់តាំងពីវាបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនម៉ាឡេស៊ីក្នុងខែវិច្ឆិកា ២០០៤ ។

កាលពីសប្តាហ៍មុនសវនករ EY បានបញ្ចេញទស្សនៈសវនកម្មដែលធ្វើឱ្យមានការសង្ស័យលើអនាគតរបស់ AirAsia ដោយសារការធ្លាក់ចុះនៃការធ្វើដំណើរតាមផ្លូវអាកាសដោយសាររោគរាតត្បាត។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១៧.៥% បន្ទាប់ពីការបញ្ចេញមតិសវនកម្ម។ លោក Fernandes បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា សវនករបានផ្តល់នូវទស្សនៈត្រឹមត្រូវ ប៉ុន្តែបានបញ្ជាក់ជាថ្មីថាក្រុមហ៊ុនអាកាសចរណ៍កំពុងស្ថិតលើផ្លូវ ដើម្បីប្រមូលថវិកាដែលខ្លួនត្រូវការក្នុងការធានាដល់ការរស់រានរបស់ក្រុមហ៊ុន។ លោកបានបន្ថែមថា មូលនិធិអាចកើតឡើងជាទម្រង់ប្រាក់កម្ចីរបស់រដ្ឋាភិបាល ការចេញភាគហ៊ុន ឬ បំណុលកាន់តែច្រើន។

យោងតាមលោក Fernandes ក្រុមហ៊ុន AirAsia បានចាប់ផ្តើមដំណើរការហោះហើរក្នុងស្រុកប្រហែល ៥០% នៅក្នុងប្រទេសម៉ាឡេស៊ី ហើយអាចចាប់ផ្តើមហោះហើរទៅកាន់ប្រទេសជិតខាងដូចជា សិង្ហបុរីវិញក្នុងពេលឆាប់ៗខាងមុខនេះ ខណៈរដ្ឋាភិបាលទាំងពីរគ្រោងនឹងអនុញ្ញាតឱ្យធ្វើដំណើររវាងប្រទេសទាំងពីរឡើងវិញ៕
អត្ថបទ៖ លីនី
ប្រភព៖ cnbc


