ក្រុមហ៊ុន Walt Disney Co បាននិយាយកាលពីថ្ងៃច័ន្ទថា ឧទ្យានកម្សាន្ត Disneyland នៅហុងកុង នឹងបិទទ្វារជាថ្មីម្ដងទៀតចាប់ផ្ដើមពីថ្ងៃពុធនេះទៅ ដោយសារមានការកើនឡើងនូវចំនួននៃករណីវីរុសថ្មីនៅក្នុងតំបន់។ ការប្រកាសនេះបានកើតឡើង ខណៈការបើកដំណើរការឡើងវិញបានមិនដល់មួយខែផងរបស់ឧទ្យានកម្សាន្តមួយនេះ ពោលគឹបើកនៅថ្ងៃទី១៨ ខែមិថុនាបន្ទាប់ពីមានការផ្អាកជិត ៥ ខែគិតចាប់ពីចុងខែមករាដោយសារការផ្ទុះឡើងនៃវីរុស Covid-19។
ប្រតិបត្តិករឧទ្យាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ តាមតម្រូវការរបស់រដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងបង្ការនានានៅទូទាំងហុងកុង ឧទ្យាន Disneyland នឹងត្រូវបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០ នេះតទៅ”។ ខណៈរដ្ឋាភិបាលហុងកុងបានប្រកាសពីករណីឆ្លងថ្មីចំនួន ៥២ ករណី កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ។

ប្រតិបត្តិករបានបន្ថែមថា សម្រាប់សណ្ឋាគារ រមណីយដ្ឋាន នៅឧទ្យាននេះនឹងនៅតែបើកដដែល ជាមួយនឹងកម្រិតនៃសេវាកម្មដែលត្រូវបានកែលម្អ រួមទាំងវិធានការសុខភាព និងសុវត្ថិភាពដែលបានណែនាំរបស់អាជ្ញាធររដ្ឋាភិបាលត្រូវបានបង្កើតឡើងដូចជាវិធានការណ៍ទាក់ទងនឹង ការរក្សាគម្លាតនៅក្នុងសង្គម និងបង្កើនការសម្អាត និងអនាម័យ៕
![]()

អត្ថបទ៖ លីនី
ប្រភព៖ kyodonews


