ការលក់រាយរបស់ក្រុមហ៊ុនយក្ស Aeon នៅប្រទេសជប៉ុនខាតបង់ថវិកាចំនួន ៥៣.៩ ពាន់លានយ៉េន (ជាង ៥ រយលានដុល្លារ) ក្នុងមួយត្រីមាស ដែលជាការខាតបង់ដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០០៥ ។
ក្រុមហ៊ុន Aeon Co. បានចុះបញ្ជីការខាតបង់សរុបចំនួន ៥៣.៩ ពាន់លានយ៉េន (ជាង ៥ រយលានដុល្លារ) ចាប់ពីខែមីនា ដល់ខែឧសភា ដែលជាការខាតបង់ធំបំផុតចាប់តាំងពីក្រុមហ៊ុនលក់រាយ បានចាប់ផ្តើមបញ្ចេញព័ត៌មានតុល្យភាពប្រចាំត្រីមាសក្នុងឆ្នាំសារពើពន្ធដល់ខែកុម្ភៈ ឆ្នាំ ២០០៥ ។ យោងតាមរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានអោយដឹងថាក្រុមហ៊ុននេះស្ថិតក្នុងស្ថានភាពខ្វះតម្លាភាព នៅក្នុងសមតុល្យសុទ្ធត្រីមាសទី ១ របស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំជាប់គ្នា។

ការចុះធ្លាក់ដ៏ខ្លាំងក្លានេះ បានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 ទៅលើអាជីវកម្មលក់រាយទំនិញទូទៅរបស់ Aeon ដោយការបិទទ្វារជាបណ្តោះអាសន្ននៃផ្សារទំនើប Aeon ចំពេលមានវិបត្តិ នៃជំងឺក៏បានវាយប្រហារទៅលើប្រាក់ចំណូលរបស់ក្រុមលក់រាយផងដែរ។ ការចេញច្បាប់រឹតបណ្តឹងឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដើម្បីទុបស្កាត់ការឆ្លងនៃជំងឺដែលចាប់ផ្ដើមនៅក្នុងខែមីនា បានធ្វើឱ្យមានការធ្លាក់ចុះនៃការលក់ទំនិញទាំងអស់ លើកលែងតែទំនិញម្ហូបអាហារនៅតាមហាងលក់ទំនិញទូទៅរបស់ Aeon ហើយការធ្លាក់ចុះបានកើនឡើងបន្ទាប់ពីសេចក្ដីប្រកាសរបស់រដ្ឋាភិបាល ស្ដីពីភាពអាសន្ននៃជំងឺនៅក្នុងខែមេសា ។

ទន្ទឹមនឹងនេះ អាជីវកម្មអភិវឌ្ឍអចលនទ្រព្យរបស់ក្រុមលក់រាយសម្រាប់ផ្សារទំនើប និងកន្លែងពាណិជ្ជកម្មផ្សេងទៀតក៏កំពុងតស៊ូនឹងវិបត្តិនេះផងដែរ។ នៅពេលដែលមានជំងឺរាតត្បាតបានបណ្តាលឱ្យមានការបិទទ្វារជាបណ្តោះអាសន្ន នូវសាខាលក់រាយរបស់ខ្លួនចំនួនពាក់កណ្តាលនៅប្រទេសចិន នៅក្នុងខែកុម្ភៈ និងកន្លែងក្នុងស្រុកទាំងអស់នៅក្នុងខែមេសា ដែលនាំឱ្យមានការកាត់បន្ថយប្រាក់ចំណូលពីការជួលរបស់អ្នកជួល។ ទោះបីជាយ៉ាងនេះក្ដី ការលក់ចំណីអាហារបានកើនឡើងនៅពេលដែលមនុស្សកាន់តែស្តុកទំនិញម្ហូបអាហារ សម្រាប់បរិភោគនៅផ្ទះ។ ការលក់អាហាររហ័សបានធ្វើឱ្យមានការយប្រសើរឡើងប្រមាណ ២០ ពាន់លានយ៉េន (ជាង ១៨៧ លានដុល្លារ) នៅក្នុងចំណូលប្រតិបត្តិការរបស់ក្រុមហ៊ុន៕

អត្ថបទ៖ នីតា
ប្រភព៖ japantimes


