ថៃមិនព្រួយចិត្តរឿងការលក់ដីធ្លាក់ចុះ ដោយអាងថាខ្លួនបានចុះកិច្ចសន្យាជាមួយវិនិយោគិនដែលផ្លាស់ប្តូរទីតាំងផលិតកម្មរចេញពីប្រទេសចិន
អចលនទ្រព្យ July 8, 2020 Chan Sreyny

អាជ្ញាធរអចលនទ្រព្យថៃ (IEAT) បាននិយាយថា ការលក់ដីនៅតំបន់ឧស្សាហកម្មចំនួន ៦១ កន្លែងនៅទូទាំងប្រទេសបានធ្លាក់ចុះ ៣.៩% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៩ ខែកន្លងមកនេះ។ ការធ្លាក់ចុះនេះ បណ្ដាលមកពីការលំបាករបស់វិនិយោគិនបរទេសដែលបានចូលមកក្នុងប្រទេស និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅពេលមានការរីករាលដាល។ ជាក់ការលក់ដីនៅអំឡុងខែតុលា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ បានធ្លាក់ចុះ ១ ៦៩៣.៩២ រ៉ៃ។

លោកស្រី Somchint Pilouk អភិបាលនៃ IEAT បានមានប្រសាសន៍ថាវិបត្តិជំងឺឆ្លងនេះមិនទាន់ចប់នៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលនឹងបន្តពង្រីកគម្រោងវិនិយោគនានាដើម្បីបម្រើដល់កំណើនតម្រូវការនៅក្នុងវិស័យអចលនទ្រព្យឧស្សាហកម្ម។ ទោះជាយ៉ាងនេះក្ដីលោកស្រីបានបន្ថែមថា (IEAT) មិនមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃបរិមាណលក់ដីធ្លីទេ ព្រោះប្រទេសថៃកំពុងទាញយកអត្ថប្រយោជន៍ពីវិនិយោគិនផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន។

ខណៈកាលពីដើមឆ្នាំនេះ IEAT បានចុះកិច្ចសន្យាធ្វើជាដៃគូជាមួយក្រុមហ៊ុនឯកជនរួមទាំងឧទ្យានឧស្សាហកម្ម Pintong ដើម្បីអភិវឌ្ឍតំបន់ឧស្សាហកម្មមថ្មីដំណាក់កាលទី៦ នៅស្រុក Ban Khai និង Nikhom Phatthana នៅ Rayong ដែលមានទំហំ ១ ៣២២.៤ រ៉ៃមានតម្លៃ ២.៦២ ពាន់លានបាត។ ទីភ្នាក់ងារនេះបានចាប់ដៃគូជាមួយឧទ្យានឧស្សាហកម្មដែលជាបុត្រសម្ព័ន្ធរបស់សាជីវកម្ម Singha Corporation ដើម្បីអភិវឌ្ឍតំបន់អចលនទ្រព្យឧស្សាហកម្ម World Food Valley Thailand industrial estate ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Ang Thong លើផ្ទៃដី ១,៣៩៨ រ៉ៃ ដោយមានទឹកប្រាក់វិនិយោគសរុបចំនួន ៤.២ ពាន់លានបាត។

ជាមួយគ្នានេះ IEAT កំពុងស្ថិតក្នុងវឌ្ឍនភាពនៃការអនុម័តតំបន់ឧទ្យានឧស្សាហកម្មថ្មីសម្រាប់តំបន់ឧស្សាហកម្ម Rojana-Chon Buri 2 (Khao Khan Song) ដែល IEAT បានចាប់ដៃគូជាមួយឧទ្យានឧស្សាហកម្ម Rojana ដើម្បីអភិវឌ្ឍដែលមានទីតាំងស្ថិតនៅលើផ្ទៃដី ៩០២.៥៩ រ៉ៃនៅ Chon Buri និងមានតម្លៃ ២.១ ពាន់លានបាត។ បន្ថែមពីនេះទៅទៀត IEAT ក៏បានចូលរួមជាមួយសួនឧស្សាហកម្ម Asia Clean ដើម្បីអភិវឌ្ឍឧស្សាហកម្មថ្មី ក្នុងគោលបំណងបម្រើការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) ដោយតំបន់ឧស្សាហកម្មថ្មីដែលមានឈ្មោះថា Asia Clean Industrial មានទីតាំងស្ថិតនៅលើផ្ទៃដីទំហំ ១ ៣១៩,៨៩ រ៉ៃនៅក្នុងស្រុក Ban Bung ខេត្ត Chon Buri និងមានតម្លៃ ២.៤៤ ពាន់លានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost