ការស្ទង់មតិមួយបានបង្ហាញថា ក្រុមហ៊ុនជប៉ុនជាង ៣០០ កំពុងរងផលប៉ះពាល់ដោយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការព្យួរការចេញទិដ្ឋាការការងារមួយចំនួនរហូតដល់ដំណាច់ឆ្នាំ។ នេះបើយោងតាមអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ឬ JETRO ដែលបានធ្វើការស្ទង់មតិចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងទី១ ខែកក្កដា ឆ្នាំ២០២០នេះ។
គួរម្លឹកផងដែរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះថា ខ្លួននឹងបិទការចូលជាបណ្ដោះអាសន្នរបស់ពលករបរទេសមួយចំនួន ដើម្បីការពារការងារក្នុងស្រុកក្នុងអំឡុងពេលផ្ទុះឡើងនៃវីរុស Covid-19។ JETRO បានធ្វើការស្ទង់មតិក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការអាជីវកម្មនៅអាមេរិក ខណៈក្រុមហ៊ុន ៣០៨ ឬជាង ៣០% នៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេនឹងប្រឈមការលំបាកក្នុងការផ្តល់សេវាកម្មដល់ក្រុមហ៊ុនអាមេរិករបស់ពួកគេ។ ការស្ទង់មតិបានរកឃើញថានិយោជិកសរុប ១,៤០៦ នាក់នឹងមានបញ្ហាចំពោះទិដ្ឋាការ។

ជាមួយគ្នានេះអ្នកឆ្លើយសំណួរច្រើនជាង ៣៥% បាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាមេរិកកំពុងប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់ពួកគេ ហើយ១៣% ទៀតនិយាយថានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ។ ជាងនេះទៅទៀតអ្នកឆ្លើយតបខ្លះបាននិយាយថាការធ្វើផែនការបុគ្គលិករបស់ពួកគេត្រូវបានរំខានហើយពួកគេប្រហែលជាត្រូវកាត់បន្ថយប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


