ប្រតិបត្តិកររថយន្តក្រុងទេសចរណ៍ថៃ បាត់បង់ចំណូលជាង ២០០ លានដុល្លារទ្រាំទ្រមិនរួចគ្រោងនឹងលក់រថយន្តទៅឲ្យប្រទេសជិតខាង
អាជីវកម្ម July 3, 2020 Chan Sreyny

ប្រតិបត្តិកររថយន្តក្រុងទេសចរណ៍កំពុងស្វែងរកជំនួយហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃវិបត្តិ Covid-19 ខណៈរថយន្តក្រុងចំនួន ៣៦,០០០ គ្រឿងនៅទូទាំងប្រទេសបានបាត់បង់ប្រាក់ចំណូលអស់ប្រមាណ ៧ ពាន់លានបាត (ប្រមាណ ២២៤ លានដុល្លារអាមេរិក) ក្នុងអំឡុងពេលវិស័យទេសចរណ៍ធ្លាក់ចុះ។

លោក Wasuchet Sophonsathien ប្រធានសមាគមន៍ប្រតិបត្តិករណ៍ដឹកជញ្ជូនថៃបានមានប្រសាសន៍ថា ខណៈពេលដែលវិស័យទេសចរណ៍កំពុងឈានដល់កម្រិតខ្ពស់ រថយន្តក្រុងនីមួយៗអាចរកប្រាក់បាន ៥ម៉ឺនដុល្លារក្នុងមួយថ្ងៃពីសេវាកម្មទេសចរណ៍។ ប៉ុន្តែក្នុងពេលមានវិបត្តិនាពេលបច្ចុប្បន្ននេះ កង្វះខាតប្រាក់ចំណូលបានធ្វើឲ្យប្រតិបត្តិករត្រូវរងបន្ទុកក្នុងការចំណាយប្រមាណ ២ លានបាតពីការជួលឡានក្រុងនីមួយៗ ខណៈពួកគេមិនមានលទ្ធភាពក្នុងការបង់លើថ្លៃឈ្នួលឡើយ។

បន្ថែមពីនេះលោកបានបន្តថា ប្រតិបត្តិករជាច្រើនចង់ឈប់ និងលក់យានយន្តរបស់ពួកគេឲ្យទប្រតិបត្តិករនៅក្នុងប្រទេសជិតខាងដូចជា ប្រទេសឡាវជាដើម ប៉ុន្តែរាំងស្ទះដោយបញ្ហាមួយគឺរឿងដៃចង្កូតខុសគ្នា។ គួរឲ្យដឹងផងដែរថា នៅក្នុងចំណោមរថយន្តក្រុងទេសចរណ៍ចំនួន ៤ ម៉ឺនគ្រឿងនៅទូទាំងប្រទេសមានតែ ១០% ប៉ុណ្ណោះដែលកំពុងប្រើប្រាស់សម្រាប់តំបន់ឧស្សាហកម្មដែលត្រូវបានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច ខណៈដែលរោងចក្រនានាអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយការចំណាយ។

យ៉ាងណាមិញដើម្បីដោះស្រាយបញ្ហានេះ សមាគមបានដាក់សំណើទៅនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនិងក្រសួងដឹកជញ្ជូនដោយស្នើសុំជំនួយហិរញ្ញវត្ថុចំនួន ៥,០០០ បាតសម្រាប់មួយឡានក្នុងមួយខែសម្រាប់រយៈពេល ៣ ខែ។ លើសពីនេះទៀតពួកគេបានស្វែងរកការគាំទ្រតាមរយៈប្រាក់កម្ចី ឬជំនួយពីគណៈកម្មការអប់រំវិជ្ជាជីវៈ ដើម្បីផ្តល់ការត្រួតពិនិត្យ ការថែទាំសុវត្ថិភាពដែលពួកគេតែងតែទទួលបានក្នុងអំឡុងពេលពេលពិធីបុណ្យសង្រ្កាន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost